មិនឱបដៃឈរមើល! អង់គ្លេសត្រៀមផ្ដល់ស្បៀងតម្លៃជិត ៣លានដុល្លារដល់តំបន់នៃប្រទេសអ៊ុយក្រែនដែលត្រូវកងកម្លាំងរុស្ស៊ីឡោមព័ទ្ធ
សេដ្ឋកិច្ច March 26, 2022 Khmernote

រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងផ្ដល់ស្បៀងមានតម្លៃ ២លានផោន (ប្រមាណ ២.៦លានដុល្លារ) ដល់តំបន់ខ្លះនៃប្រទេសអ៊ុយក្រែន ដែល​ឡោមព័ទ្ធ​ដោយ​កង​កម្លាំង​រុស្ស៊ី។ ឃ្លាំងស្តុកទំនិញក្នុងប្រទេសប៉ូឡូញ និងស្លូវ៉ាគី កំពុងត្រូវបានត្រៀមរួចរាល់ដើម្បីផ្គត់ផ្គង់ “ការបរិច្ចាគយ៉ាងឆាប់រហ័ស” នៃអាហារក្រៀម ទំនិញសំណប៉ាហាំង និងទឹកដល់រដ្ឋាភិបាលអ៊ុយក្រែន ចាប់ពីដើមសប្តាហ៍ក្រោយ នេះបើយោងតាមការិយាល័យបរទេស។

ជាមួយគ្នានេះ ឡានដឹកទំនិញប្រហែល ១៥គ្រឿងនឹងត្រូវដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែកទៅកាន់សហគមន៍ដែលត្រូវការបំផុត។ រដ្ឋមន្ត្រីការបរទេស Liz Truss បាននិយាយថា “ការបរិច្ចាគអាហារ និងការផ្គត់ផ្គង់ដ៏សំខាន់នេះ នឹងជួយគាំទ្រប្រជាជនអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានដ៏ព្រៃផ្សៃរបស់រុស្ស៊ី។

លោកបានបន្តថា “ក្រុមរបស់យើងកំពុងធ្វើការទាំងយប់ទាំងថ្ងៃជាមួយមិត្តប៉ូឡូញ និងស្លូវ៉ាគីរបស់យើង និងរដ្ឋាភិបាលនៃអ៊ុយក្រែន ដើម្បីធានាថា អ្នកដែលមានហានិភ័យបំផុតទទួលបានការផ្គត់ផ្គង់សំខាន់ៗដែលពួកគេត្រូវការយ៉ាងខ្លាំង”។ គួរបញ្ជាក់ថា បើតាមទីប្រឹក្សាមនុស្សធម៌របស់ (FCDO) បានបន្ថែមថា មនុស្សជាច្រើននៅក្នុងតំបន់ដែលឡោមព័ទ្ធត្រូវបាន “ជាប់នៅក្នុងបន្ទប់ក្រោមដីដោយមិនមានលទ្ធភាពទទួលបានអាហារ ឬទឹក។ ហើយកុមារជិតប្រាំមួយលាននាក់នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែន មនុស្សជាច្រើនកំពុងជ្រកកោននៅក្នុងអគារដែលកំពុងរងការវាយប្រហារ”៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo