ក្រុមហ៊ុនវៀតណាម និងឡាវ ចាប់ដៃគ្នាសង់ផ្លូវដែក​តម្លៃ ៥ ពាន់​លាន​ដុល្លារ តភ្ជាប់ប្រទេសទាំងពីរ
សេដ្ឋកិច្ច March 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន​វៀតណាម FLC នឹង​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន Petroleum Trading Lao Public Company របស់​ឡាវ ដើម្បី​សាងសង់​ផ្លូវដែក​តម្លៃ ៥ ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​ទាំងពីរ។ ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ចន្ទ។

បើតាមសារព័ត៌មានដដែល ខ្សែរថភ្លើងដែលនឹងត្រូវសាងសង់ឡើងនេះមានប្រវែង ៥៥៥គីឡូម៉ែត្រ នឹងតភ្ជាប់រដ្ឋធានីវៀងច័ន្ទរបស់ឡាវជាមួយកំពង់ផែ Vung Ang ក្នុងខេត្ត Quang Binh ភាគកណ្តាលឆ្នេរសមុទ្រវៀតណាម។ ការ​សាង​សង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ។

ក្នុងនោះក្រុមហ៊ុន FLC នឹងទទួលបន្ទុកសាងសង់មួយផ្នែកប្រវែង ១០៣គីឡូម៉ែត្រពីព្រំដែន Cha Lo ទៅកំពង់ផែសមុទ្រ។ ដោយឡែកផ្នែក​ក្នុង​ប្រទេស​ឡាវ​ នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន PetroTrade ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឈានមុខ​គេ​របស់​ប្រទេស។ គួរបញ្ជាក់ដែរថា ផ្លូវដែកនេះត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពដឹកជញ្ជូនរបស់កំពង់ផែ និងសម្រួលពាណិជ្ជកម្មរវាងវៀតណាម និងប្រទេសជិតខាង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress