បងប្អូនជនជាតិព្នងអភិរក្សតំបន់ថ្មខ្ពស់ ដើម្បីបង្កើតជារមណីយដ្ឋានទេសចរណ៍បែបវប្បធ៌ម
ទេសចរណ៍ March 24, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បងប្អូនជនជាតិព្នងនាំគ្នាសម្អាតកន្លែងតំបន់ថ្មខ្ពស់អភិរក្សទីតាំងវប្បធ៌មរបស់ជនជាតិមួយនេះ ដើម្បីទុកឱ្យមន្ទីរទេសចរណ៍ជួយរៀបចំបង្កើតជារមណីយដ្ឋានទេសចរណ៍បែបវប្បធ៌មនៅតំបន់នេះ។ ក្នុងសកម្មភាពចុះសម្អាតបរិស្ថានតំបន់ថ្មខ្ពស់នៅភូមិឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ២៤ខែមីនាកន្លងមកនេះ លោក ហ៊ុន លេខ តំណាងឱ្យបងប្អូនជនជាតិព្នងបានបញ្ជាក់ថា ទីតាំងនេះប្រជាពលរដ្ឋរួមគា្នថែរក្សាយូរមកហើយ ព្រោះវាជាកន្លែងបន់ស្រន់សុំសេចក្តីសុខចម្រើនរបស់បងប្អូនជនជាតិព្នង នៅពេលចេញទៅធ្វើស្រែចម្ការ ឬចូលព្រៃរកផលអនុផលព្រៃឈើជាដើម។

លោកបន្តថា តំបន់នេះ ក៏ចាត់ទុកជាសម្បត្តិធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយ ព្រោះមានដើមឈើច្រូងច្រាង ផ្ទាំងថ្មខ្ពស់និងធំៗ អំណោយផលល្អសម្រាប់ឱ្យអ្នកផងទាំងពួងមកទស្សនា។ លោកសុំអាជ្ញាធរជួយទាក់ទងទៅមន្ទីរទេសចរណ៍ឱ្យមករៀបចំតំបន់នេះធ្វើជារមណីយដ្ឋានទេសចរណ៍បែបវប្បធ៌មជនជាតិដើមភាគតិច ដើម្បីបង្កើនការថែរក្សាឱ្យមានប្រសិទ្ធភាព។

លោក រឿន សម្បត្តិ មេឃុំក្បាលរមាស បានបញ្ជាក់ថា អាជ្ញាធរឃុំគាំទ្រចំពោះគោល បំណងនេះ ព្រោះតាមការសង្កេតទីតាំងប្រវត្តិសាស្ត្រនេះមានសក្តានុពលទៅលើវិស័យទេសចរណ៍មែន ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងតែងមានប្រជាពលរដ្ឋមកទស្សនាកម្សាន្ត។

លោកមេឃុំបន្តថា តំបន់នេះលោកបានស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តរួចមកហើយ ឱ្យរកដៃគូមកសហការគ្នារៀបចំអភិវឌ្ឍន៍ជារមណីយ ដ្ឋានទេសចរណ៍ធម្មជាតិបែបវប្បធ៌មទៅតាមគោលបំណងដែលបងប្អូនជនជាតិព្នងចង់បាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបន្ថែម ហើយប្រជាជនយើងរស់នៅតំបន់នេះ មានភាពអ៊ូរអរផងដែរ ។

សូមបញ្ចាក់ថា បងប្អូនជន ជាតិព្នងនៅភូមិក្បាលរមាសពួកគាត់ចង់បង្កើតរមណីយ ដ្ឋាននៅភូមិនេះយូរមកហើយ ព្រោះវាមានប្រយោជន៍ការពារសម្បត្តិធម្មជាតិទាំងនេះបានស្ថិតនៅគង់វង្ស សម្រាប់ឱ្យកូនចៅជំនាន់ក្រោយនិងភ្ញៀវទេសចរបានឃើញនិងបានស្គាល់៕

ប្រភព៖ ក្រសួងព័ត៌មាន