អ្នកមានបំផុតនៅទ្វីបអាហ្រ្វិក បើករោងចក្រផលិតជីតម្លៃ ២.៥ពាន់លានដុល្លារ ស្រូបយកទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច March 24, 2022 Khmernote

កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ លោក Aliko Dangote ដែលជាអ្នកមានបំផុតនៅទ្វីបអាហ្រ្វិក បានបើករោងចក្រជីដ៏ធំបំផុតរបស់ទ្វីបនៅក្នុងប្រទេសនីហ្សេរីយ៉ា។ មហាសេដ្ឋីរូបនេះ បានប្រាប់សារព័ត៌មាន CNN ថា មនុស្សគ្រប់គ្នាកំពុងសុំឱ្យយើងលក់ជីឱ្តពួកគេ ខណៈដែលការដាក់ទណ្ឌកម្មប្រឆាំងលើរុស្ស៊ីរំខានការផ្គត់ផ្គង់។

មហាសេដ្ឋីវ័យ ៦៤ឆ្នាំបានប្រាប់ទៀតថា “យើងមានសំណាងដែលមានរោងចក្រនេះ ហើយវា​កើតឡើងក្នុងពេលវេលាដ៏អស្ចារ្យបំផុតគឺចំពេល​មានជម្លោះ​អ៊ុយក្រែន និង​រុស្ស៊ី ខណៈ​ដែល​ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​គ្រប់​គ្រង​បរិមាណ​ធាតុ​ចូល​កសិកម្ម​ដ៏ច្រើន”។ ជាក់ស្ដែងការបើករោងចក្រជី Dangote កើតឡើងចំពេលមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ជីដំណាំ ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលមានចំនួនស្ទើរតែមួយភាគប្រាំនៃឆ្នាំ២០២១ លើការនាំចេញជី នេះបើយោងតាម ​​Trade Data Monitor និង Bloomberg’s Green Markets ។

ជាមួយគ្នានេះ រុស្សីក៏ជាប្រទេសនាំចេញកំពូលមួយនៅក្នុងធាតុផ្សំផលិតជីសំខាន់ៗដូចជា អ៊ុយ អាម៉ូញាក់ និងប៉ូតាស្យូម បើយោងតាមគេហទំព័រពាណិជ្ជកម្ម Argus Media ។ ភាពតានតឹងនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃជីកើនឡើង ដោយសន្ទស្សន៍តម្លៃជីរបស់ Bloomberg Green Markets នៅអាមេរិកខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ហើយជា​លទ្ធផល​ត្រូវ​បាន​គេ​លើកឡើងថា​នឹង​ជំរុញ​ឱ្យ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​រួច​ទៅ​ហើយ។

គួរឱ្យដឹងថា បើយោងតាមព័ត៌មាននៅលើគេហទំព័រ Dangote Group ស្ថិតនៅលើផ្ទៃដី ៥០០ហិកតា នៅជាយក្រុង Lagos។ រោងចក្រជីនេះមានតម្លៃ ២.៥ ពាន់លានដុល្លារ ដោយមានសមត្ថភាពផលិតជីអ៊ុយរ៉េចំនួន ៣ លានតោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ រោងចក្ររបស់អ្នកមានទី៨០ លើពិភពលោក និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ពាន់លានដុល្លារនេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន ៥,០០០។

អត្ថបទ៖ លីនី
ប្រភព៖ businessinsider