សារព័ត៌មាន news.yahoo នាថ្ងៃទី២២ ខែមីនា បានចុះផ្សាយថា កង្វះប្រេងម៉ាស៊ូតនៅអឺរ៉ុបកាន់តែអាក្រក់ទៅៗ នៅពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងរបស់រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ប្រេងឡើងវិញ នេះបើយោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មឯករាជ្យធំបំផុតរបស់ពិភពលោកឈ្មោះថា Gunvor ។
លោក Tornqvist បាននិយាយនៅឯកិច្ចប្រជុំកំពូល Financial Times Commodities Global Summit ដែលធ្វើឡើងដោយ Bloomberg ថា “នេះគឺជាបញ្ហាសកល ប៉ុន្តែសម្រាប់អឺរ៉ុប វាពិបាកខ្លាំងណាស់ ពីព្រោះអឺរ៉ុបមានប្រេងម៉ាស៊ូតតិចតួចណាស់”។ លោកបន្តថា ពាណិជ្ជកម្មជាមួយប្រេងម៉ាស៊ូតរបស់រុស្ស៊ីកាន់តែខ្វះខាត ដោយសារអ្នកទិញនៅអឺរ៉ុបបានបង្វែរការនាំចេញរបស់រុស្ស៊ី ដោយរង់ចាំការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែន ឬ បដិសេធមិនទិញថាមពលពីរុស្ស៊ី ដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា ស្តុកប្រេងម៉ាស៊ូតនៅទូទាំងពិភពលោកមានកម្រិតទាបរួចទៅហើយ ហើយមានកម្រិតទាបមុនពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទៅទៀត។ បើយោងតាមការប៉ាន់ស្មានរបស់លោក John Kemp ស្តុកប្រេងម៉ាស៊ូតនៅអឺរ៉ុបមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៨ ហើយ ៨ ភាគរយ ឬ ៣៥លានបារ៉ែល៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


