ខេត្តសំណាង! ជប៉ុនបន្តគាំទ្រដល់ការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ដាច់ស្រយាលក្នុងខេត្តចំនួន ៧
សេដ្ឋកិច្ច March 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រទេស​ជប៉ុន​បន្ត​គាំទ្រ​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​នៅ​កម្ពុជា​ជាមួយ​ដៃគូ​ថ្មី​រវាង UNDP និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ផ្តល់​អគ្គិសនី​ដល់​ប្រជាជន​ ១៣០០ ​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​ ៧​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំង​ ៣ បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២០ មីនា ស្ថានទូត​ជប៉ុន​ និង​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ថ្មី​មួយ ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Fumio Kishida នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ដដែល​បានឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​ដល់​ការទទួលបាន​ថាមពល​ប្រើប្រាស់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងទៅនេះ​ដែល​ធ្វើឱ្យមាន​កំណើន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងខ្លាំងក្លា និង​មិន​ធ្លាប់មាន​ពីមុន​មកពីជាង ​៦​ ភាគរយ នៅ​ឆ្នាំ​ ២០០០ ទៅជាង ៩៧ ​ភាគរយ នៅ​ឆ្នាំ​២០២១​។

សេចក្តី​ប្រកាស​នេះ​បាន​លើកឡើង​ដែរ​ថា គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹងត្រូវ​អនុវត្ត​ដោយ UNDP និង​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ការទទួល​បាន​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​បរិយាបន្ន​នៅ​តំបន់​ជនបទ ខណៈ​គម្រោង​នេះ​នឹង​ផ្តល់ជូន​ប្រជាជន ១៣០០​ គ្រួសារ និង​ទទួលបាន​ដោយផ្ទាល់​នូវ​ការប្រើប្រាស់​ថាមពល​ស្អាត​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​៕

ប្រភព៖ ក្រសួងព័ត៌មាន