យោងតាមការចុះផ្សាយរបស់សារព័ត៌មាន news.yahoo បានឱ្យដឹងថា អាកាសយានដ្ឋានដ៏ធំបំផុតរបស់រុស្ស៊ី Sheremetyevo នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនមួយភាគប្រាំ និងបញ្ឈប់ការជ្រើសរើសបន្ថែមទៀត ខណៈដែលចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។
អាកាសយានដ្ឋានបាននិយាយថា ចាប់ពីថ្ងៃទី១៦ ខែមីនា និយោជិតមួយចំនួននៃអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ត្រូវបានដកចេញ ដោយពួកគេនឹងទទួលបានប្រាក់ខែពីរភាគបីនៃប្រាក់ខែពេញរបស់ពួកគេ។ គួររម្លឹកសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដែលជំរុញឱ្យទីក្រុងម៉ូស្គូមានការសងសឹកដោយដាក់វិធានការដូចគ្នា ហើយទណ្ឌកម្មក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ភាគច្រើនដល់រុស្ស៊ី។
ការបិទដែនអាកាសទៅវិញទៅមកនេះ ធ្វើឱ្យអាកាសយានដ្ឋានបានបិទចំណតអ្នកដំណើរចំនួនពីរក្នុងចំណោមស្ថានីយអ្នកដំណើរទាំងប្រាំរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ហើយបានដកផ្លូវរត់របស់ខ្លួនចេញពីសេវាកម្មហោះហើរ ដោយលើកឡើងពី “ការរឹតបន្តឹងលើការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ” ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានបង្កកជាបណ្ដោះអាសន្ននូវគម្រោងវិនិយោគទាំងអស់របស់ខ្លួន ហើយក្រុមហ៊ុនអាកាសចរណ៍ Ural ដែលគ្រប់គ្រងដោយឯកជន ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេមួយរបស់រុស្ស៊ី ក៏បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យដកបុគ្គលិកមួយចំនួនចេញផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


