តម្លៃប្រេងសាំងនៅប្រទេសវៀតណាម ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលបីខែកន្លងមកនេះ
សេដ្ឋកិច្ច March 22, 2022 Khmernote

តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ២.២% ដល់ ២.៣% កាលពីថ្ងៃច័ន្ទ ដែលនេះជាលើកទី១ បន្ទាប់ពីការកែសម្រួលការកើនឡើង​នៃតម្លៃប្រេងអស់រយៈពេល ៧ដងជាប់ចាប់តាំងពី១០ ខែធ្នូ ឆ្នាំ២០២១។ តម្លៃសាំងដ៏ពេញនិយមប្រភេទ RON 95 ធ្លាក់ចុះ ៦៣០ដុង (ប្រមាណ ០.០២ ដុល្លារ) មកនៅ ២៩,១៩០ ដុង (ប្រមាណ ១.២៨ដុល្លារ)។

ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈផ្សេងទៀតរួមទាំង ប្រេងកាត និងប្រេងម៉ាស៊ូត ក៏បានធ្លាក់ចុះពី ២.៧ ទៅ ៧.៥ភាគរយផងដែរ។ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​អាជ្ញាធរ​បាន​កែសម្រួល​តម្លៃ​សាំងថយ​ចុះ​ក្រោម​ចាប់​តាំង​ពី​ខែ​ធ្នូ​កន្លង​ទៅ ខណៈតម្លៃប្រេងសាំងបានកើនឡើងប្រហែល ៣០ភាគរយ ចាប់តាំងពីពេលនោះមក ជាមួយនឹងការកើនឡើងខ្ពស់បំផុត ១០ភាគរយនៅថ្ងៃទី១១ ខែមីនា។

បើយោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើការកែសម្រួលតម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម បាននិយាយថា តម្លៃផលិតផលប្រេងឥន្ធនៈសកល ជាមធ្យមបានធ្លាក់ចុះពី ៧.៣ ទៅ ១៥.៧ ភាគរយក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress