ជប៉ុន សម្រេច​បង្កកទ្រព្យសម្បត្តិរបស់បុគ្គលល្បីៗក្នុងជួររដ្ឋាភិបាល មហាសេដ្ឋី និងអង្គភាពរបស់រុស្ស៊ីជាច្រើនទៀត
សេដ្ឋកិច្ច March 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ជប៉ុន​បានបង្កកទ្រព្យសម្បត្តិរបស់បុគ្គលល្បីៗក្នុងជួររដ្ឋាភិបាល មហាសេដ្ឋី និងអង្គភាពរបស់រុស្ស៊ីជាច្រើនទៀតនៅក្នុងបញ្ជីរបស់ខ្លួន ខណៈកម្លាំងរុស្ស៊ីនៅបន្តការវាយប្រហារនៅអ៊ុយក្រែន។ រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​សុក្រ​ បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​ដែល​កាន់កាប់​ក្នុង​ប្រទេស​ជប៉ុន​ដោយ​មនុស្ស ១៥ នាក់ និង​អង្គភាពចំនួន ៩។

បុគ្គលទាំងនោះរួមមាន៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី និងក្រសួងការបរទេស សមាជិកសភា និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិ ឬ មហាសេដ្ឋី ដែលត្រូវបានគេនិយាយថា មានទំនាក់ទំនងជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ដោយឡែកអង្គការ​ទាំង​ប្រាំបួន​ មាន​ទំនាក់ទំនង​នឹង​ឧស្សាហកម្ម​អាវុធ។

ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលបានសម្រេចចិត្តចាត់វិធានការបន្ថែម បន្ទាប់ពីនាយករដ្ឋមន្ត្រី Kishida Fumio បានប្រកាសពីផែនការបង្កើនការដាក់ទណ្ឌកម្ម។ លោក Matsuno បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ស្របទៅនឹងអ្នកផ្សេងទៀតក្នុងសហគមន៍អន្តរជាតិ ដោយផ្អែកលើការអភិវឌ្ឍន៍៕

អត្ថបទ៖ លីនី
ប្រភព៖ nhk