តម្លៃប្រេងបានកើនឡើងទៀតហើយ បន្ទាប់ពីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានពីកង្វះការផ្គត់ផ្គង់
សេដ្ឋកិច្ច March 18, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងប្រហែល ៣% នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនវ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងអាចបាត់បង់ ៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃផលិតផលឆៅ និងចម្រាញ់របស់រុស្ស៊ីចាប់ពីខែមេសា។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់នឹងមានច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Benchmark Brent បានកើនឡើង ៣ដុល្លារអាមេរិក ឬ ៣.១ ភាគរយដល់ ១០១.០៩ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ៨ និង ៤៤នាទីព្រឹក (GMT) បន្ទាប់ពីបានធ្លាក់ចុះសម្រាប់វគ្គជួញដូរបីដងជាប់ៗគ្នា។

ដោយឡែក ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ២.៨ ដុល្លារ ឬ ៣% ដល់ ៩៧.៨៤ ដុល្លារក្នុងមួយបារ៉ែល។ គួររម្លឹកថា តម្លៃប្រេងទាំងពីរប្រភេទខាងលើបាន​ធ្លាក់​ចុះ​ទាប​កាលពីថ្ងៃ​មុន បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ដែល​មិន​នឹក​ស្មាន​ដនៃ​ស្តុក​ប្រេង​ឆៅ​របស់​អាមេរិក និង​សញ្ញា​នៃ​ការ​រីក​ចម្រើន​ក្នុង​កិច្ច​ចរចា​សន្តិភាព​រុស្ស៊ី-អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia