ដំណឹងល្អ! រាជរដ្ឋាភិបាល សម្រេចលើកលែង ៣ចំណុចចាប់អនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ
សេដ្ឋកិច្ច March 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង៣ចំណុចសម្រាប់ដាក់ឱ្យអនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញការធ្វើ វិនិយោគ និងសម្រួលដល់អ្នកមកធ្វើធុរកិច្ចក៏ដូចជាអ្នកទេស ចរមកលេងកម្សាន្តនៅកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលជំងឺកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាលជាសកលដែលធ្វើឱ្យមានការប៉ះពាល់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទើបរាជរដ្ឋាភិបាលបានសម្រេចលើក លែង៣ចំណុចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS » ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបន្តថា ចំណុចទាំង៣នេះ គឺការបន្ធូរបន្ថយសម្រាប់ការធ្វើ ដំណើររបស់ពលរដ្ឋចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលក្នុងប្រទេស ប៉ុន្តែប្រសិន បើទៅប្រទេសផ្សេងក្រៅពីកម្ពុជាគឺតម្រូវតាមច្បាប់នៃប្រទេសនីមួយៗ លើកលែង តែចូលមកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

“ម្សិលមិញបន្ទាប់ពីត្រឡប់មកពីខេត្តព្រះសីហនុ ខ្ញុំបានសម្រេចលើបញ្ហា ៣ ដើម្បីដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ទី១ អ្នកដែលមកពីក្រៅប្រទេសមិនតម្រូវឱ្យមានការធ្វើតេស្ត PCR រយៈពេល ៧២ម៉ោងទៀតទេ យើងគិតថាបណ្ដាក្រុមហ៊ុនយន្ត ហោះមានការទទួលខុសត្រូវហើយទៅលើបញ្ហាការធ្វើដំណើរមកដល់ ការលើកលែងទី២ ពេលមកដល់ព្រលានយន្តហោះរបស់យើងមិនចាំ បាច់ធ្វើតេស្តទៀតទេ ពីមុនយើងធ្វើរ៉ាបពីតេស្ត ពីមុនធ្វើ PCR ហើយត្រូវរង់ចាំលទ្ធផល ក្រោយមកយើងលុប ចោលការធ្វើ PCR មកធ្វើរ៉ាបពីតេស្ត១៥ ឬ ២០នាទី យើងអាចដឹងលទ្ធផល ប៉ុន្តែឥឡូវ នេះមិនបាច់ធ្វើតេស្តទេ ពេលមកដល់កាន់កាតាបយកប៉ាស្ព័រចេញដំណើរទៅតែម្ដង អាហ្នឹងគឺជាចំណុចការលើក លែងទី២ ការលើកលែងទី៣ គឺមិនចាំបាច់ទៅយកវីសាតាមប្រទេសណាទេ គឺយកវីសាពេលមកដល់តែម្ដងតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍”។

សម្តេចតេជោបន្ថែមថា ទន្ទឹមនឹងរាជរដ្ឋាភិបាលកាត់បន្ថយជាមួយនូវការរឹតបណ្តឹងលើបញ្ហាទាំងនេះ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងទាំងអស់ យកចិត្តទុក ដាក់ ក្នុងកិច្ចការពារខ្លួនតាម រយៈវិធានការ ៣ការពារ ៣កុំ ឱ្យបានភ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយពេលចេញទៅណាមកណាត្រូវអនុវត្ត៣ការពារ គឺ៖ (១) ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព ។ ៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន