រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើសេចក្ដីប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបើកគេហទំព័របរិច្ចាគជារូបិយប័ណ្ណគ្រីបតូ ក្នុងភាពជាដៃគូជាមួយប្រតិបត្តិករនៃការផ្លាស់ប្តូរគ្រីបតូ ដូច្នេះមនុស្សអាចផ្ញើជំនួយទៅកាន់អ៊ុយក្រែនបាន។ យោងតាមគេហទំព័រ វេទិកានេះទទួលយករូបិយប័ណ្ណគ្រីបតូដូចជា Bitcoin និង Ethereum ហើយការបរិច្ចាគត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារអាមេរិក ហើយត្រូវបានបញ្ជូនទៅធនាគារជាតិនៃអ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលផងដែរនោះ បានបង្ហោះលើ Twitter ថា “គេហទំព័រផ្លូវការ ដែលអ្នកប្រើប្រាស់មកពីជុំវិញពិភពលោកអាចធ្វើការបរិច្ចាគគ្រីបតូទៅកាន់អ៊ុយក្រែនបាន” ។ គួរឱ្យដឹងថា គេហទំព័រនេះបង្ហាញថា មកទល់ពេលនេះប្រាក់ជិត ៤៩លានដុល្លារត្រូវបានប្រមូល ហើយមូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ក៏ដូចជាជនស៊ីវិលដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


