ស្អាតទាក់ចិត្តណាស់! អគារសម័យបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ត
ទេសចរណ៍ March 16, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងសិក្សាស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត យ៉ាងស្រស់ស្អាត មានរចនាបថបញ្ចូលគ្នារវាងកម្ពុជា និងប្រទេសបារាំង។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាជ្ញាធរបានរៀបចំនិងបង្កើនកិច្ចការ ការពារអភិរក្ស មិនឱ្យរុះរើវាយកំទេចចោល ប៉ុន្តែ មានតែការអនុញ្ញាត ឱ្យជួសជុល អគារសល់ពីសម័យបារំាង ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងខេត្ត និងការពារទុកជាបេតិកភ័ណ្ឌជាតិ ខ្មែរ។ លោកបញ្ជាក់ថា តាម រយៈនេះ ខេត្តបាត់ដំបងបានប្រែក្លាយ ទៅជាទីក្រុងប្រវត្តិសាស្រ្តជាមួយបរិស្ថានដោយកែលម្អជាក្រុងបៃតង មានដើមឈើ និងសួនច្បារតាមដងស្ទឹង ដែលជាទីទាក់ទាញភ្ញៀវទេសចរមកទស្សនា។

លោកបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមានការកើនឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងនោះភាគច្រើនពួកគេចូលចិត្តមកទស្សនាសំណង់អគារពីបុរាណ ជាពិសេសអគារបន្សល់ទុកពីសម័យបារាំងប្រមាណជា៨០០ខ្នង ខណៈដែលរដ្ឋបាលខេត្តបាត់ដំបងបានដាក់តំបន់សំណង់ផ្ទះល្វែងទាំងនោះជាតំបន់ការពារ និងអភិរក្សបេតិកភ័ណ្ឌដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា។

« ឥឡូវយើងរៀបចំបានច្រើន អ៊ីចឹងតំបន់អភិរក្ស ទាំងអស់នេះគឺ ក្រុមការងារបានរៀបចំរចនា និងរៀបចំផ្លូវដើរថ្មើរជើង របស់ភ្ញៀវទេសចរនៅតាមតំបន់អភិរក្សនេះ ដោយគណៈអភិបាលខេត្តបានយកចិត្តទុកដាក់ខ្លាំង ឆាប់ៗនេះ។ មានរៀបចំសណ្តាប់ធ្នាប់ ការរៀបចំចំណត ការរៀបចំដាក់សំរាម ឱ្យបានល្អនៅតាមផ្លូវជាតិ អ៊ីចឹងតំបន់អភិរក្សទាំង៨០០ខ្នង យើងរក្សាបាននោះនឹងមានភាពទាក់ទាញខ្លាំង»។

សូមបញ្ជាក់ថា សំណង់អគារមានប្រមាណជា ៨០០ខ្នងដែលបានសាងសង់ឡើងដោយស្ថាបត្យករដែលមានទឹកដៃកម្រិតខ្ពស់នៅសម័យកាលបីខុសគ្នា គឺសម័យសៀមគ្រប់គ្រង សម័យអាណានិគមបារាំងនិងសម័យសង្គមរាស្រ្តនិយម(១៩០៧ ដល់ ១៩៧០)៕

ប្រភព៖ ក្រសួងព័ត៌មាន