យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា ប្រទេសថៃបានជីកប្រឡាយបង្ហូរទឹកប្រវែង ២២.៥គីឡូម៉ែត្រនៅអាយុធ្យា ដែលដាក់ឈ្មោះថា ចៅផាយ៉ា ២ (Chao Phraya II)។ លោក Sermchai Siawsirithaworn ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានទឹកដ៏ធំនៃនាយកដ្ឋានធារាសាស្ត្រថៃ បាននិយាយថា គម្រោងដែលត្រូវបានគេហៅថា ចៅផាយ៉ា ២ នេះ កំពុងដំណើរការយ៉ាងរលូន ហើយនឹងបញ្ចប់តាមការគ្រោងទុកនៅឆ្នាំក្រោយ។
លក្ខណៈសំខាន់ៗរបស់គម្រោងៀរួមមាន៖ ស្ថិតនៅក្នុងសង្កាត់ Sanam Chai នៃស្រុក Bang Sai របស់អយុធ្យា មានប្រវែង ២២.៥០គីឡូម៉ែត្រ មានទទឹង ២០០ម៉ែត្រ ប៉ុន្តែទទឹងកាត់បន្ថយមកត្រឹម ១១០ម៉ែត្រពេលឆ្លងកាត់តំបន់លំនៅដ្ឋាន។ ជាមួយគ្នានេះដែរប្រឡាយនវ មានផ្លូវទំហំ ៨ម៉ែត្រសងខាងប្រឡាយ ទ្វារទឹកនឹងត្រូវសាងសង់នៅចុងប្រឡាយ ដោយគម្រោងនេះត្រូវចំណាយអស់ ២១ ពាន់លានបាត (ប្រមាណ ៦២៨លានដុល្លារ)។
ទន្ទឹមនឹងនេះដែរ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្ហូរទឹករហូតដល់ ២,៩៣០ ម៉ែត្រគូបក្នុងមួយវិនាទី កាត់បន្ថយការជន់លិចនៅកណ្តាលក្រុងអយុធ្យា និងកសិដ្ឋានរហូតដល់ ២.៥ លាននៅអាងចៅផាយ៉ា។ មិនតែប៉ុណ្ណោះកាត់បន្ថយទឹកជំនន់នៅតំបន់ផ្សេងៗនៃខេត្តអយុធ្យា ស្រោចស្រពកសិដ្ឋានប្រមាណ ២២៩,០០០ រ៉ៃ ក្នុងតំបន់ ព្រមទាំងផ្តល់ទឹកប្រើប្រាស់ចំនួន ១៥លានម៉ែត្រគូប។
បើតាមលោក Sermchai នៅពេលដែលប្រឡាយរួចរាល់ វានឹងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានទឹកនៅក្នុងអាងចៅផាយ៉ាដោយលោកបន្ថែមថា ការបង្ហូរនេះក៏នឹងការពារមិនឱ្យទឹកទន្លេហូរហៀរផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


