យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចេញទំនិញ និងវត្ថុធាតុដើមមួយចំនួន។ ការបញ្ជានេះរួមបញ្ចូលទាំងការហាមឃាត់ ឬការរឹតបន្តឹងលើ “ការនាំចេញក្រៅទឹកដីរបស់សហព័ន្ធរុស្ស៊ី និងការនាំចូលទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីនៃផលិតផល និងវត្ថុធាតុដើម” នេះបើយោងតាមការបកប្រែរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax នៃការបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ឯកសារនេះបាននិយាយថា ការហាមប្រាមនេះចូលជាធរមានភ្លាមៗ ប៉ុន្តែមិនបានបញ្ជាក់ថាទំនិញ និងវត្ថុធាតុដើមណាដែលនឹងត្រូវប៉ះពាល់ដោយការរឹតបន្តឹងនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២៥ ខែកុម្ភៈថា ខ្លួននឹងដាក់ “វិធានការសងសឹក” ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។
គួរបញ្ជាក់ថា រុស្ស៊ីជាប្រទេសនាំចេញទំនិញសំខាន់ៗរួមមានប្រេង ឧស្ម័នធម្មជាតិ ស្រូវសាលី និងលោហធាតុ។ តម្លៃទំនិញបានឡើងថ្លៃរួចហើយដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិច៕


អត្ថបទ៖ លីនី
ប្រភព៖yahoo


