រដ្ឋាភិបាលថៃ អនុម័តរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០បាត ក្នុងមួយលីត្រ និងឱ្យបានក្នុងរយៈពេលយូរតាមដែលអាចធ្វើទៅបាន
សេដ្ឋកិច្ច March 10, 2022 Khmernote

នាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បាននិយាយបន្ទាប់ពីដឹកនាំកិច្ចប្រជុំ NEPC កាលពីថ្ងៃពុធថា ក្រុមប្រឹក្សាគោលនយោបាយជាតិថាមពល (NEPC) បានអនុម័តរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០បាត (០.៩០ ដុល្លារ) ក្នុងមួយលីត្រឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

លោកប្រាយុធ បានលើកឡើងថា វិធានការនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបន្ថែមថា រដ្ឋាភិបាល និងប្រជាពលរដ្ឋនឹងត្រូវជួយគ្នាទៅវិញទៅមក ប្រសិនបើតម្លៃថាមពលនៅតែបន្តកើនឡើង ខណៈដែលប្រទេសជាច្រើនកំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។

ជាមួយគ្នានេះលោកបានអះអាងថា តម្លៃថាមពលរបស់ប្រទេសថៃត្រូវបានគេចាត់ទុកថា ថោកបើធៀបនឹងប្រទេសអាស៊ានដទៃទៀត ប៉ុន្តែវាមិនមែនជាតម្លៃថោកបំផុតនោះទេ ដោយសារប្រទេសអាស៊ានមួយចំនួនអាចផលិតថាមពលដោយខ្លួនឯងបាន។ រដ្ឋាភិបាល​នឹង​ស្វែងរក​វិធានការ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ គួរបញ្ជាក់ថា បើតាមប្រសាសន៍លោក ប្រាយុធ មូលនិធិប្រេងនឹងរក្សាតម្លៃប្រេងម៉ាស៊ូតនៅត្រឹម ៣០បាតក្នុងមួយលីត្រ រហូតទាល់តែរដ្ឋាភិបាលអស់លទ្ធភាពរក្សាបាន ប្រសិនបើតម្លៃប្រេងឡើងលើសពី ១៣០ដុល្លារ និង ១៥០ដុល្លារក្នុងមួយបារ៉ែល៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand