យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើងជិត ៩% នៅថ្ងៃចន្ទនេះ ដល់ជាង ១៣០ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែកក្កដាឆ្នាំ២០០៨។ ការកើនឡើងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថាខ្លួនកំពុងពិចារណាលើការហាមឃាត់លើការនាំចេញថាមពលរបស់រុស្ស៊ីរួមគ្នាជាមួយមេដឹកនាំអឺរ៉ុប។
ជាមួយគ្នានេះដែរ ការកើនឡើងតម្លៃប្រេងដោយឥតឈប់ឈរកើតឡើងដោយសារការភ័យខ្លាចអំពីវិបត្តិការផ្គត់ផ្គង់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ NBC’s “Meet the Press” កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបអំពីការហាមឃាត់ប្រេងរបស់រុស្ស៊ី។
អនាគតប្រេងឆៅ Brent បានកើនឡើង ៨.៨% នៅតម្លៃ ១២៨.៦០ដុល្លារ ក្នុងមួយបារ៉ែលនៅម៉ោង ២:៥០នាទីព្រឹក (ម៉ោងនៅ EST) ខណៈពេលដែលតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កើនឡើង ៨.២% នៅ ១២៥.២០ ក្នុងមួយបារ៉ែល។ ទន្ទឹមនឹងនេះ នៅចំណុចមួយនៅក្នុងការជួញដូរនៅអាស៊ី ប្រេងឆៅ Brent បានកើនឡើងដល់កំពូល ១៣៩.១៣ដុល្លារ ក្នុងមួយបារ៉ែល មុនពេលកាត់បន្ថយការកើនឡើងមួយចំនួន។
យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតប្រេងធំជាងគេទីបីរបស់ពិភពលោក ហើយមានប្រហែល ១០% នៃការផ្គត់ផ្គង់ពិភពលោក។ ហើយកាសែត Financial Times បានរាយការណ៍ថា តម្លៃប្រេងអាចឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ដោយសារសហរដ្ឋអាមេរិកនឹងមិនអាចឆ្លើយតបទៅនឹងកង្វះការផ្គត់ផ្គង់ពីការហាមឃាត់ប្រេងឆៅរបស់រុស្ស៊ីបានទេ នេះបើតាមសម្តីរបស់លោក Scott Sheffield នាយកប្រតិបត្តិនៃក្រុមហ៊ុន Pioneer Natural Resource ដែលជាក្រុមហ៊ុនផលិតប្រេង shale កំពូលរបស់សហរដ្ឋអាមេរិក៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


