សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (០៦ មីនា) ថា ខ្លួនកំពុងពិភាក្សាយ៉ាងសកម្ម ជាមួយបណ្តាប្រទេសអឺរ៉ុបអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីដែលជាការពិន័យលើសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលុកលុយអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រទេសលោកខាងលិចកំពុងពិចារណាលើការរំពឹងទុកនៃការធ្វើពហិការមួយ ទាក់ទងនឹងរឿងនាំចូលប្រេងនេះដែរ ហើយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានអំពាវនាវឱ្យធ្វើបែបនេះ ដោយនិយាយថាប្រេងរុស្ស៊ី គឺ “ក្លិនឈាមរបស់អ៊ុយក្រែន”។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ទូរទស្សន៍ NBC ថា “ឥឡូវនេះយើងកំពុងពិភាក្សាយ៉ាងសកម្មជាមួយដៃគូអ៊ឺរ៉ុបរបស់យើងអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសរបស់យើង ស្របពេលជាមួយគ្នានេះការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងជាសកល” ។
លោកបានបន្ថែមថា “សកម្មភាពដែលយើងបានធ្វើកន្លងមកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី” ដោយសំដៅទៅលើទណ្ឌកម្មដ៏តឹងរ៉ឹងដែលធ្វើឱ្យរុស្ស៊ីឯកោខាងសេដ្ឋកិច្ច និងប្រធានាធិបតីរបស់ខ្លួនគឺលោក វ្ល៉ាឌីមៀ ពូទីន។ គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន សេតវិមានបាននិយាយថា ខ្លួនកំពុងស្វែងរកវិធីកាត់បន្ថយការប្រើប្រាស់ប្រេងរបស់រុស្ស៊ី ខណៈពេលដែលការឡើងថ្លៃចំពោះតម្លៃប្រេង ប៉ុន្តែសម្ពាធបានកើតមានលើបណ្តាប្រទេសលោកខាងលិច ឱ្យកាត់ផ្តាច់ការនាំចូលថាមពលពីរុស្ស៊ី ដែលជាមធ្យោបាយមួយដើម្បីរឹតបន្តឹងនៅលើវិមានក្រឹមឡាំង៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


