អ៊ុយក្រែន នឹងបញ្ចេញ NFTs ដើម្បីរកថវិកាគាំទ្រដល់វិស័យយោធា បន្ថែមពីលើមូលនិធិគ្រីបតូ
សេដ្ឋកិច្ច March 4, 2022 Khmernote

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មីនា) ថា អ៊ុយក្រែននឹងបង្ហាញផែនការសម្រាប់ NFTs ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលជាវិធានការចុងក្រោយបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Kyiv ក្នុងការប្រមូលមូលនិធិនៅក្នុង សម្បត្តិគ្រីបតូ (crypto assets) បន្ទាប់ពីប្រទេសរុស្ស៊ីបានលុកលុយប្រទេសកាលពីសប្តាហ៍មុន។

(NFTs) ឬ Non-fungible tokens ជាប្រភេទនៃទ្រព្យសម្បត្តិគ្រីបតូ ដែលតំណាងឱ្យឯកសារឌីជីថល ដូចជារូបភាព វីដេអូ ឬអត្ថបទ។ ​(NFTs) បានល្បីសុះសាយនៅឆ្នាំ២០២១ ដោយបង្កើតបាន ២៥ពាន់លានដុល្លារនៃបរិមាណលក់។ លោក Mykhailo Fedorov បាននិយាយនៅក្នុង tweet ថា “យើងនឹងបញ្ចេញ NFTs ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ខណៈជា​រៀង​រាល់​ថ្ងៃ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​នេះ “។

គួរបញ្ជាក់ផងដែរថា អ៊ុយក្រែនកាលពីសប្តាហ៍មុនបានបង្ហោះការអំពាវនាវនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការបរិច្ចាគជា bitcoin និងនិមិត្តសញ្ញាឌីជីថលផ្សេងទៀតដើម្បីគាំទ្រប្រទេស។ យោងតាមអ្នកស្រាវជ្រាវ blockchain Elliptic បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធ វាបានបង្កើនតម្លៃគ្រីបតូដែលមានតម្លៃជិត ៤៣លានដុល្លារអាមេរិកក្នុងការបរិច្ចាគជិត ៦៧,០០០៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia