យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា អ៊ុយក្រែនបានងាកទៅរកហិរញ្ញវត្ថុបែបប្រពៃណីដោយការចេញមូលបត្របំណុលសង្គ្រាម ដើម្បីឱ្យប្រទេសអឺរ៉ុបខាងកើតជួយផ្តល់មូលនិធិការពារខ្លួនប្រឆាំងនឹងលោក Vladimir Putin ខណៈកម្លាំងរុស្ស៊ីកាន់តែច្រើនកៀកនឹងក្រុង Kyiv។
នៅក្នុងការបង្ហោះ LinkedIn ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានដាក់លក់មូលបត្របំណុលយោធាដែលមានតម្លៃ ប្រមាណ ២៧០លានដុល្លារ។ ប្រាក់ចំណូលដែលបានមកពីការលក់នេះបើយោងតាម tweet ពីក្រសួង “នឹងត្រូវបានប្រើដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន និងដើម្បីធានាការផ្តល់ដោយគ្មានការរំខាននៃតម្រូវការហិរញ្ញវត្ថុរបស់រដ្ឋនៅក្រោមសង្រ្គាម” ។
ការលក់បំណុល បានកើតឡើងនៅពេលដែលក្បួនរថយន្តយោធាប្រវែង ៤០ម៉ាយត្រូវបានគេប្រទះឃើញនៅជិតទីក្រុង Kyiv ខណៈដែលកងកម្លាំងរបស់លោក ពូទីន បានបាញ់ផ្លោងទៅលើរដ្ឋធានីអ៊ុយក្រែន និងកន្លែងផ្សេងទៀតរួមទាំងទីក្រុងធំៗ។
គួរឱ្យដឹងថា ការចេញលក់មូលបត្របំណុលសង្គ្រាមគឺជាទង្វើមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលអ៊ុយក្រែនបានធ្វើ ដើម្បីផ្តល់មូលនិធិការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលបានបើកការឈ្លានពានពេញលក្ខណៈរបស់ខ្លួនកាលពីសប្តាហ៍មុន។ ប្រទេសនេះបានរៃអង្គាសប្រាក់បាន ២៤.១ លានដុល្លារជា bitcoin និង ether ក្នុងចំណោមរូបិយប័ណ្ណគ្រីបតូ និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត បន្ទាប់ពីគណនី Twitter ផ្លូវការរបស់ខ្លួនបានបង្ហោះអាសយដ្ឋានកាបូបឌីជីថលដែលមនុស្សអាចបរិច្ចាគ។ លើសពីនេះធនាគារកណ្តាលរបស់ប្រទេសនេះ ក៏បានបង្កើតគណនីពិសេសមួយសម្រាប់ប្រជាជនជុំវិញពិភពលោកក្នុងការបរិច្ចាគមូលនិធិដើម្បីជួយដល់យោធា៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


