ដើមខែដំបូងក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករទៅប្រទេសចិន មាន៥០ភាគរយ នៃការនាំចេញការនាំចេញអង្ករសរុប
សេដ្ឋកិច្ច February 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ​ដើមខែដំបូងក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករទៅប្រទេសចិន មាន៥០% នៃការនាំចេញអង្ករសរុប ដែលកំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន។​

របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និង លើកទិសដៅផែនការសកម្មភាពឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។

​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបាន ខិតខំអនុវត្តន៍ និងសម្រេចការងារក្នុងឆ្នាំកន្លងមក និងរៀបចំគោលដៅសម្រាប់ឆ្នាំខាងមុខបន្តទៀត។

​ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យ ស្រូវអង្ករនៅកម្ពុជា និងបានធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេស ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ ថែរក្សាស្ថិរភាពតម្លៃអង្ករលើទីផ្សារក្នុងស្រុក តួយ៉ាងនៅក្នុងតំបន់បិទខ្ទប់ ក្នុងកាលៈទេសៈ ជំងឺកូវីដ១៩កន្លងមក ព្រមទាំងបានរួមចំណែកក្នុងចលនាសម្របសម្រួលដល់ការនាំចេញ។

​ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យ ស្រូវអង្ករ ដោយបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយ ដល់វិស័យនេះ ឱ្យមាន ភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។

ជាក់ស្តែងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងបានរៀបចំឱ្យមានការសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីពីថ្លៃដើម ពីការផលិត រហូតដល់ការនាំចេញអង្ករទៅទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការនិង ជំនួយហិរញ្ញវត្ថុពីកម្មវិធី ខ្សែច្រវ៉ាក់កសិកម្មកម្ពុជាដោយអូស្ត្រាលី (CAVAC) ដែលការសិក្សានេះ នឹងក្លាយជាមូល ដ្ឋានចំាបាច់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យ ស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង។ ម្យ៉ាងទៀត យោងតាមការស្នើសុំពី សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយដល់វិស័យ ស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបាននូវការ បន្តជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ ចំណូលចំនួន០៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបាន ផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៧៧៩ សហវ.ប្រក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១។​

ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផល កែច្នៃមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្មតាមរយៈការបញ្ចូល មុខទំនិញ ទាំងនេះ ទៅក្នុងបញ្ជីទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការចរចាទ្វេរភាគីជា មួយប្រទេសនានា ជាពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារកំពុងទទួលកំណើនសម្រាប់ ការនាំចេញអង្ករកម្ពុជា ពោលគឺគ្របដណ្តប់លើបរិមាណនាំចេញសរុប រហូតដល់ ៥០ភាគរយ ក្នុងឆ្នាំ២០២១ ហើយក្នុងឆ្នាំ២០២២ នេះអាចនឹងបន្តកើនឡើងថែមទៀត។

កំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគ យល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន ៤០ម៉ឺនតោន ដែលឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានទទួលការ អនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយចាប់អនុវត្តន៍ពីខែមករា ឆ្នាំ២០២២ នេះតទៅ។ អនុស្សរណៈ យោគយល់គ្នា នេះនឹងជួយបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាប្រព្រឹត្តទៅបានរលូន ដែលបច្ចុប្បន្ននេះ យើង បានសង្កេតឃើញថាការនាំចេញអង្ករទៅប្រទេសចិនក្នុងខែមករា ឆ្នាំ២០២២នេះ គឺស្មើជាង ៥០ភាគរយ នៃការនាំចេញអង្ករសរុប។​

យោងតាមឯកសារ ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំ ចេញអង្ករចំនួន ៥៣២.១៧៩ តោន រកចំណូលបាន ៣៦៦ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១។​មកទល់ពេលនេះ អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ ប្រទេសចំនួន៥៥ ជុំវិញពិភពលោក ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺប្រទេសចិននៅតែមាន ទីផ្សារដ៏ធំបំផុតដែលបាននាំចូលប្រហែល ៥០ ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន