យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៣ ភាគរយ ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ក្នុងនោះ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីបានសាទរចំពោះកំណើនពាណិជ្ជកម្មដ៏រឹងមាំដែលភាគីទាំងពីរសម្រេចបានក្នុងកាលៈទេសៈនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់វិស័យឯកជន។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្ដី Dato’ Seri Mohamed Azmin Ali បានចូលរួមអបអរសាទរនូវការរម្លឹកខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្តត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ ហើយបានបញ្ជាក់ពីគោលបំណងក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិបដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ កន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នារលើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិលើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលផលិតកម្មម្ហូបអាហារហាទ្បាល់នៅកម្ពុជា ផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជាដែលបានជ្រើសរើសនូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តផ្តល់គាំទ្រយ៉ាងពេញលេញចំពោះឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថាអាស៊ាននឹងអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា៕


