សម្តេចតេជោ បានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស សម្តេចនឹងមិនយកពន្ធដីស្រែពីកសិករឡើយ
សេដ្ឋកិច្ច February 24, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ដរាបណា គណបក្សប្រជាជននៅតែដឹកនាំប្រទេស សម្តេចនឹងមិនយកពន្ធដីស្រែពីកសិករឡើយ ដើម្បីជួយសម្រាលការលំបាក ឬ ការចំណាយរបស់ប្រជាកសិករ។

ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ដរាបណាដែល គណបក្សប្រជាជននៅកាន់អំណាច រដ្ឋនឹងមិនយកពន្ធលើដីស្រែពីប្រជាកសិករនោះទេ ហើយបើសិនជាអនាគត មានមេដឹកនាំ ជំនាន់ក្រោយរបស់គណបក្សប្រជាជនណា ហ៊ានយកពន្ធដីស្រែពីកសិករ សម្តេចនឹងដាក់បណ្តាសារ ចំពោះករណីនេះ មិនមែន ជាពេលវេលាដែលត្រូវយកពន្ធពីដីស្រែនោះទេ មិនអាចធ្វើឱ្យរដ្ឋក្លាយជាអ្នកមានទេ ដូច្នេះសូមទុកឱ្យកសិករក្លាយជាអ្នកមានទៅចុះ ហើយមានតែជំរុញឱ្យប្រជាកសិករមានការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ចល្អប្រសើរដល់ប្រជាជនកម្ពុជា ។

សម្តេចតេជោ បាន បញ្ជាក់ថា សម្តេចមានតែដឹកនាំកែទម្រង់ដីធ្លី ត្រូវចែកកម្មសិទ្ធឱ្យប្រជាជន អ៊ីចឹងបញ្ហាពន្ធដីកសិកម្មគឺមិនប៉ះដាច់ខាត។ ប៉ុន្តែសម្តេចតេជោបានស្នើឱ្យអ្នករកស៊ីទាំងឡាយ ត្រូវបង់ពន្ធតាមច្បាប់ ដែលជាធរមានចំពោះការយកពន្ធពីសំណាក់ផ្នែក គយ និងផ្នែកពន្ធដា ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរដ្ឋមានចំណូលសម្រាប់អភិវឌ្ឍន៍ជាតិ។ «ពន្ធដីកសិកម្ម យើងមិនដែលបានយកពន្ធដី កសិកម្មយកមកធ្វើ ជាថវិកាជាតិរបស់យើងនោះទេ គណបក្សប្រជាជន បានដឹកនាំការងារនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ បើគណបក្សប្រជាជនបន្តដឹកនាំបន្តទៅទៀត ពន្ធដីនៅតែពន្ធដីស្រែពន្ធដីចម្ការ របស់ប្រជាពលរដ្ឋនៅតែមិនយក ។

ប្រសិនបើអ្នកដឹកនាំជំនាន់ក្រោយ យកពន្ធដីស្រែ បើវិញ្ញាណខ្ញុំដឹង នឹងដាក់បណ្តាសារ តាំងពីដើមទីមកខ្ញុំមិនដែលយកពន្ធដីស្រែនោះទេ ខ្ញុំមិនដែលយកពន្ធពីកសិករនោះទេ នៅក្នុងក្របខណ្ឌជួរមេដឹកនាំ រហូតមកដល់ពេលនេះ៤៣ឆ្នាំ ក៏ខ្ញុំនៅតែមិនយក ប្រសិនបើខ្ញុំអាចរស់បាន១០០ឆ្នាំទៀតក៏ខ្ញុំនៅតែមិនយក ប៉ុន្តែបើខ្ញុំស្លាប់ទៅ ក្មេងជំនាន់ក្រោយដឹកនាំគណបក្សប្រជាជនយកពន្ធដីស្រែពីកសិករ ខ្ញុំដឹងខ្ញុំដាក់បណ្តាសារ ។កសិករត្រូវការជំនួយពីយើង ការជួយ ឧបត្ថម្ភពីយើង មិនមែនត្រូវការ យកពន្ធពីពួកគាត់នោះទេ យើងត្រូវការវិនិយោគឱ្យពួកគាត់មានប្រពន្ធទឹក ប្រពន្ធប្រឡាយ និងការវិនិយោគដ៏ទៃទៀត ចាំបាច់បម្រើឱ្យគាត់ អភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារពួកគាត់ »៕

ប្រភព៖ ក្រសួងព័ត៌មាន