តម្លៃប្រេងសាំងវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលវាឡើងជាលើកទីប្រាំជាប់ៗគ្នា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 បានកើនឡើង ៣.៧៩% ដល់តម្លៃ ២៦,២៨០ ដុង (ប្រមាណ ១.១៥ដុល្លារ) ខណៈដែលប្រេងឥន្ធនៈជីវសាស្ត្រ E5 RON 92 កើនឡើង ៣.៩% ដល់តម្លៃ ២៥,៥៣០ ដុង (ប្រមាណ ១.២ដុល្លារ)។
ប្រភពដដែលបានឱ្យដឹងថា តម្លៃទាំងនេះបានឡើងដល់កំពូល ខ្ពស់ការកើនឡើងក្នុងខែកក្កដា ឆ្នាំ២០១៤ ទៅទៀត ដោយនៅថ្ងៃចន្ទម្សិលមិញនេះ គឺជាការកើនឡើងលើកទីប្រាំជាប់ៗគ្នាចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃឧស្ម័ន បាននិយាយថា តម្លៃនៃសមាសធាតុប្រេងសាំងបានកើនឡើងជិត ៦% ចាប់តាំងពីថ្ងៃទី១១ ខែកុម្ភៈ រហូតមកដល់ពេលនេះ។
គួរបញ្ជាក់ផងដែរថា បើយោងតាមគយវៀតណាម ប្រទេសនេះបាននាំចូលប្រេង និងប្រេងសាំងចំនួន ៦.៩៦ លានតោនកាលពីឆ្នាំមុន ធ្លាក់ចុះ ១៥.៥ ភាគរយធៀបនឹងឆ្នាំ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


