ប្រសើរណាស់! ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលចំណូលបានជាង ៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូ
សេដ្ឋកិច្ច February 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ចំណូលខែដំបូងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១៣៥,៥៨២ដុល្លារសហរដ្ឋអាមេរិក ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ។

ប្រភពបានឱ្យដឹងថា ចំពោះបរិមាណនៃការនាំចេញគិតក្នុងខែមករា ឆ្នាំ២០២២ កម្ពុជាបាន នាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ចំពោះការ នាំចេញឈើកៅស៊ូវិញសម្រេច បានចំនួន៤៨៦ម៉ែត្រគូប ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារក្នុងមួយតោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពបានបន្ថែមថា គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣ភាគរយ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០ តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប ៕

ប្រភព៖ ក្រសួងព័ត៌មាន