តម្លៃក្ដាមរបស់ប្រទេសវៀតណាម បានធ្លាក់ចុះជិតពាក់កណ្តាល ខណៈពាណិជ្ជករនៅច្រកព្រំដែនភាគខាងជើងជាមួយប្រទេសចិនកំណត់ការទិញដោយសារពិបាកក្នុងការនាំចេញ។ ការនាំចេញទំនិញតាមច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងនៅតែមានភាពយឺតយ៉ាវ ដោយរថយន្តដឹកទំនិញជាច្រើនត្រូវចំណាយពេលក្នុងការបោសសម្អាតគយយូរ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងបទប្បញ្ញត្តិលើជំងឺ Covid-19។
ស្ថានភាពក្នុងពេលបច្ចុប្បន្នបែបនេះហើយបានធ្វើឱ្យតម្លៃអាហារសមុទ្រក្នុងប្រទេសវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង។ លោក Bui Chi Lam កសិករចិញ្ចឹមក្តាមនៅខេត្ត Ca Mau ភាគខាងត្បូង បាននិយាយថា តម្លៃលក់ក្តាមលំដាប់កំពូលនៅកសិដ្ឋាន គឺមានតម្លៃត្រឹមតែ ៦០០,០០០ដុង (២៦.២៨ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធ្លាក់ចុះ ៥០ភាគរយបើធៀបនឹងពេលបុណ្យចូលឆ្នាំថ្មីទើបកន្លងទៅនេះ ហើយចូលដើមខែនេះ លោកបានកត់សម្គាល់ឃើញថា ចំនួនអាជីវករដែលរកទិញគ្រឿងសមុទ្រធ្លាក់ចុះយ៉ាងខ្លាំង។
លោក Lam បានបន្តថា ជាធម្មតានៅពេលដែលការផ្គត់ផ្គង់ថយចុះ តម្លៃនឹងកើនឡើង ប៉ុន្តែផលប៉ះពាល់នៃការបិទច្រកទ្វារព្រំដែនបានធ្វើឱ្យតម្លៃក្តាមធ្លាក់ចុះ ហើយកសិករចិញ្ចឹមក្តាមត្រូវបានបង្ខំឱ្យពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ក្នុងស្រុក។ ដោយឡែកលោក Thanh កសិករចិញ្ចឹមក្តាមម្នាក់ទៀតនៅ Ca Mau បាននិយាយថា តម្លៃក្តាមនឹងធ្លាក់ចុះបន្ថែមទៀត ប្រសិនបើការប្រើប្រាស់ក្នុងស្រុកមានកម្រិតទាប។
ជាមួយគ្នានេះ ក្រៅពីក្តាម តម្លៃបង្គាក៏បានធ្លាក់ចុះបើទោះបីជាការផ្គត់ផ្គង់មានការថយចុះក៏ដោយ ដោយសារតែការជាប់គាំងនៅព្រំដែនប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុកតិច។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ រថយន្តដឹកទំនិញជាង ២០០០ គ្រឿងបានជាប់គាំងនៅច្រកព្រំដែន Lang Son ដោយសារការបោសសម្អាតគយយឺតយ៉ាវ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


