ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញាចិត្តបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាបន្ថែមទៀត
សេដ្ឋកិច្ច February 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវក្តីសោកស្តាយជាខ្លាំងដោយបានទទួលដំណឹងពីមរណភាពរបស់លោក កូជី កាន់ហ្សាគី (Koji Kanzaki) ដែលជាពលរដ្ឋជប៉ុនមួយរូបបានចំណាយពេលវេលាប្រមាណ៣៨ឆ្នាំនៃជីវិត ដើម្បីពង្រឹងចំណងទាក់ទងរវាងជប៉ុននិងកម្ពុជា និងបានចូលរួមសាងសង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងពីទំនាក់ទំនងដែលកាន់តែល្អប្រសើរ ដែលបានសបញ្ជាក់តាម រយៈជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ និងជំនួបរវាង ឯកឧត្តម ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជប៉ុន នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាសប្តាហ៍នេះ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសាជាថ្មីដល់វិនិយោគិនជប៉ុនដែលបន្តផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាពស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានរំលេចពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលទើបត្រូវបានអនុម័តនិងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាននិងកំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់កម្ពុជាសម្រាប់ទាក់ទាញការវិនិយោគនិងជួយជំរុញដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវី-១៩។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អង្គការ JETRO និង ធនាគារមីហ្ស៊ូហូ ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីជូនវិនិយោគិនជប៉ុន ប្រកប ដោយភាពជោគជ័យ និងទទួល បានលទ្ធផលជាផ្លែផ្កា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ថែម លើនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរនិងភាពកក់ក្តៅដល់វិនិយោគិនជប៉ុន។ ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ហើយដែលប្រការនេះនឹងដើរតួជាសារដ៏វិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមអគ្គរដ្ឋទូតបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាពនិងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុន វិនិយោគសរុបប្រមាណ២, ៩ប៊ីលានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៣នេះ រួមមាន ១)ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ២) ពន្ធកាត់ទុកលើប្រាក់បៀវត្ស និងការបង្វិលសងអាករតម្លៃបន្ថែម ៣)ភ័ស្តុភារកម្ម (ការពន្លឿនដំណើរការនៅតាមច្រកព្រំដែនថៃ និងវៀតណាម) ៤) ការកាត់បន្ថយតម្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី) និង ៥)ការនាំចូលរថយន្តដោយអ្នកដែលមិនបានទទួលសិទ្ធិ៕

ប្រភព៖ ក្រសួងព័ត៌មាន