យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចម្រាញ់រ៉ែមាសចំនួន ១,៧៥១ គីឡូក្រាមគិតត្រឹមដើមខែកុម្ភៈ បន្ទាប់ពីប្រតិបត្តិការចម្រាញ់អស់រយៈពេល ៦ខែ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មាសដែលផលិតនៅខេត្តមណ្ឌលគិរី ក្នុងរយៈពេល៦កន្លងមកនេះបានឈានដល់ចំនួន ១,៧៥១ គីឡូក្រាម។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងមួយថ្ងៃ ក្រុមហ៊ុនអាចចម្រាញ់បានជិតមួយរយគីឡូក្រាម ដោយមាសដែលចម្រាញ់ចេញពីក្រុមហ៊ុន Renaissance Minerals កម្ពុជាត្រូវបាននាំចេញទៅអូស្ត្រាលីដើម្បីចម្រាញ់បន្ត។ ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា កម្ពុជានៅមានសក្តានុពលមាស និងរ៉ែផ្សេងទៀតសម្រាប់ការវិនិយោគ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals Cambodia បានចាប់ផ្តើមចម្រាញ់មាសនៅក្នុងខែមិថុនា ឆ្នាំ២០២១ ដោយក្លាយជាក្រុមហ៊ុនចម្រាញ់មាសពាណិជ្ជកម្មដំបូងគេនៅកម្ពុជា។ តាមគម្រោង ក្រុមហ៊ុនអាចផលិតរ៉ែមាសបានប្រហែល ៣ តោនក្នុងមួយឆ្នាំក្នុងរយៈពេល ៨ ឆ្នាំដំបូង៕



ប្រភព៖ ក្រសួងព័ត៌មាន


