អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការស្តារប្រទេសឡើងវិញពីវិបត្តិកូវីដ-១៩
សេដ្ឋកិច្ច February 7, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ី ក្នុងនាមជាប្រទេសដែលបានងើបឡើងវិញពីវិបត្តិកូវីដ-១៩ បន្ទាប់ពីកោះតៃវ៉ាន់ នេះបើយោងតាមសន្ទស្សន៍នៃការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់ NIKKEI Asia បន្ទាប់ពីកម្ពុជាបានប្រកាសថាខ្លួននឹងចាប់ផ្តើមរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ការវាយតម្លៃនៃសន្ទស្សន៍ គឺយោងទៅលើការគ្រប់គ្រងការឆ្លងមេរោគ ការចាក់វ៉ាក់សាំង និងចលនានៃសង្គម។ ប្រទេសដែលកាន់តែខិតជិតទៅនឹងការងើបឡើងវិញ ត្រូវបានកំណត់ដោយអត្រាឆ្លងតិចជាងមុន អត្រានៃការចាក់វ៉ាក់សាំងកាន់តែខ្ពស់ និងកាត់បន្ថយការរឹតត្បិតនៃវិធានការសង្គម។

ស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩នៅកម្ពុជា បាននិងកំពុងប្រសើរឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយគិតក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ មានអត្រាឆ្លងតិចជាង ១ ០០០ករណី និងមិនមានករណីមរណភាពថ្មីដោយវីរុសកូវីដ-១៩នោះទេ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ។

ជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយឆ្នាំដំបូង គឺបានបង្ហាញនូវប្រសិទ្ធភាពយ៉ាងល្អប្រសើរ ដោយមានករណីឆ្លងតិចជាង ៥០០ ករណី ហើយមិនមានអ្នកស្លាប់នោះទេ។ ប៉ុន្តែភាពជោគជ័យនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយបើទោះជាព្រឹត្តិការណ៍នេះ បានបិទបញ្ជប់ទៅហើយក្តី តែវាបានសម្លាប់ប្រជាជនកម្ពុជា ជាង ៣ ០០០នាក់រួចទៅហើយ។

សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយ ដែលលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ចូលមកប្រទេសខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជាចំនួន ១៣ ៧៧៣ ០៤១ នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួច ខណៈ ៥ ០៥០ ៥៣៦ នាក់ បានចាក់ដូសទី៣ និង ៤៩០ ០១២ នាក់ បានចាក់ដូសទី៤៕

ប្រភព៖ ក្រសួងព័ត៌មាន