ការលក់គ្រឿងសមុទ្រនៅខេត្ត Samut Songkhram បានកើនឡើងបន្ទាប់ពីការលេចធ្លាយប្រេងនៅខេត្តរ៉ាក់យ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋានគ្រឿងសមុទ្រក្នុងខេត្តកំពុងរីករាយនឹងការកើនឡើងជិត ៣០% ក្នុងការលក់ បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយប្រេងពីបំពង់បង្ហូរប្រេងក្រោមដីនៅឆ្នេរសមុទ្ររ៉ាក់យ៉ង កាលពីថ្ងៃទី២៥ ខែមករា។
លោក Phanumas Ruamsuk ប្រធានសមាគមពាណិជ្ជករអាហារនៅ Samut Songkhram បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្លាយប្រេងពិតជាព័ត៌មានដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែយ៉ាងហោចណាស់វាបានធ្វើឱ្យមនុស្សកាន់តែច្រើនទៅលេងខេត្តជាប់មាត់សមុទ្រនៅភាគកណ្តាល និងភាគខាងត្បូងជំនួសឱ្យបូព៌ា។ ជាក់ស្ដែង ក្នុងសប្តាហ៍កន្លងទៅ ភោជនីយដ្ឋានក្នុងខេត្តមានកំណើនអតិថិជន ហើយការលក់ក៏កើនឡើងប្រហែល ៣០%។
ជាមួយគ្នានេះ លោក Mongkhol Sukjaroenkhana ប្រធានសមាគមជលផល Samut Songkhram បាននិយាយថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ អំពីអាហារសមុទ្រនៅក្នុងខេត្តនេះ ដែលត្រូវបានបំពុលដោយប្រេងរំអិល នៅក្នុងឈូងសមុទ្រថៃនោះទេ។ លោកបានបន្តថា៖ «អ្នកនេសាទក្នុងស្រុក និងក្រុមហ៊ុននេសាទខ្នាតតូចដល់មធ្យមទំនងជារងផលប៉ះពាល់ពីផលិតកម្មទាប ដោយសារសត្វសមុទ្រនឹងមិនវិលមកវិញទេ រហូតទាល់តែពួកគេប្រាកដថាតំបន់នោះអាចរស់នៅបាន»៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


