នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានប្រកាសកាលពីថ្ងៃពុធថា តម្លៃសាច់ជ្រូក ក៏ដូចជាពងមាន់ និងសាច់មាន់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំចិនបានបញ្ចប់។ អគ្គនាយក Watthanasak Sua-iam បានប៉ាន់ប្រមាណថា តម្លៃទូទៅគួរតែធ្លាក់ចុះមកត្រឹម ១៧០-១៨០ បាតក្នុង ១គីឡូក្រាមធៀបនឹង ២២០ បាតកាលពីដើមខែនេះ ដែលឡើងដល់កំពូលប្រហែល ៣០០ បាតក្នុងឱកាសបុណ្យចូលឆ្នាំចិន។
ការធ្លាក់ចុះជាទូទៅនៃតម្លៃលក់ដុំនៅកសិដ្ឋានចិញ្ចឹមជ្រូក គួរតែធ្លាក់ចុះមកត្រឹម ១០០បាត ដែលបណ្តាលឱ្យមានការថយចុះនៃតម្លៃលក់រាយ។ ជាមួយគ្នានេះតម្លៃសាច់មាន់ ក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ៦៥-៨២ បាតក្នុងមួយគីឡូក្រាម ដែលជាការធ្លាក់ចុះបន្តិចពីអត្រាបច្ចុប្បន្ន ខណៈតម្លៃពងមាន់ខ្នាតកណ្ដាលលេខ ៣ គួរតែធ្លាក់មកត្រឹម ១០០ បាតសម្រាប់ពង ៣០ ឬជាមធ្យម ៣.៣៣ បាតក្នុងមួយផ្លា។
គួរបញ្ជាក់ផងដែរថា តម្លៃជ្រូក និងស៊ុត នៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅនេះបានកើនឡើងខ្លាំង ដោយសារការផ្គត់ផ្គង់សាច់ជ្រូកបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ដែលភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក និងការឡើងថ្លៃចំណីសត្វដែលផលិតក្នុងស្រុក៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


