យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ ដែលមានតម្លៃសរុប ៦,៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាព និងផលិតកម្មស្រូវព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់កញ្ចប់ជំនួយទីមួយមានតម្លៃ ៣,៧ លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ ០០០ នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើង វិញពីកូវីដ ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំដាក្នុងខេត្តតាកែវ។ ជំនួយប្រមាណ ៣ លានដុល្លារ នៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក(the Japan Fund for Prosperous and Resilient Asia and the Pacific)។ ជាមួយគ្នានេះ សម្រាប់កញ្ចប់ជំនួយមួយទៀតមានតម្លៃ៣,៩ លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ២២ ០០០ នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងខេត្ដព្រៃវែង។ ប្រមាណ ៣,៨ លានដុល្លារនៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល(the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។
លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា សម្រាប់កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្មអតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ លោកបានគូសបញ្ជាក់ថា “កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩”៕



ប្រភព៖ ក្រសួងព័ត៌មាន


