ដំណឹងល្អ! ក្រុមហ៊ុនជប៉ុនគ្រោងបង្កើតរោងចក្រកែច្នៃ ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច January 27, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៥ ខែមករា បានជួបពិភាក្សាងារជាមួយ លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS ដើម្បីសម្តែងការគួរសមនិងស្នើសុំអនុសាសន៍មួយចំនួន ទាក់ទងការវិនិយោគដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុននិង ទីផ្សារអន្តរជាតិ ដើម្បីជួយដោះស្រាយ បញ្ហាទីផ្សារស្វាយចន្ទីរបស់ប្រជាកសិករ។

ក្នុងឱកាសនោះលោកនាយកក្រុមហ៊ុន បានលើកឡើងថា ការវិនិយោគនេះមានគោលបំណង សំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយោ ប្រអប់ ជំនួសឱ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញបរិស្ថាន។ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺផលិតផលជាកំប៉ុង ដប ថង់ ដែលផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួល បំផុតទៅក្នុងដី ក្រោយពេលបានប្រើ ប្រាស់រួច។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវមតិស្វាគមន៍និងគាំទ្រ ចំពោះកម្មវត្ថុនៃការវិនិយោគរបស់ក្រុមហ៊ុនលើផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ និងនាំចេញ។ ភ្ជាប់ទៅនឹងកម្មវត្ថុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកនាយកក្រុមហ៊ុនដោយសង្ខេបអំពី សក្តានុពលនៃដំណាំស្វាយចន្ទី ទិន្នផលប្រមូលបាន និងបរិមាណនាំចេញ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកមួយសហការជាមួយក្រុម ហ៊ុនជប៉ុនបាននាំចេញផលិតផលស្វាយចន្ទីកែច្នៃរួចចេញទៅកាន់ទីផ្សារជប៉ុន ហើយផលិតផលនេះត្រូវបានដាក់តាំងបង្ហាញ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជប៉ុនទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ នឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលប្រការនេះ ប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០ និង២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យ ទី១ គឺមានឈ្មោះល្បីលើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងទី២ កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីជាប្រយោជន៍ សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារៈប្រើប្រាស់ ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្មើសូន្យ។

លោកនាយកក្រុមហ៊ុន បានលើកឡើងថា នឹងទទួលយកអនុសាសន៍នេះ ហើយចាប់ផ្តើមដំណើរការផែនការសកម្មភាពវិនិយោគក្នុងពេលឆាប់ៗខាងមុខ ដែលនឹងត្រូវអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីជាអធិបតីក្នុងពិធីនោះផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន