ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មីចំនួន ២ មានទុនវិនិយោគសរុបជាង ៣០០លានដុល្លារ
សេដ្ឋកិច្ច January 25, 2022 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ២ថែមទៀត សរុបទុនវិនិយោគជាង ៣០០លានដុល្លារ និងបង្កើតការងារជាង ២ពាន់កន្លែង។ តាមសំណើសុំវិនិយោគលើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង។

អត្ថបទ៖ លីនី