ខេត្តចំនួន៦ របស់កម្ពុជា បើកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយខេត្តប៊ិញភឿក ប្រទេសវៀតណាម
សេដ្ឋកិច្ច January 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តចំនួន៦ នៃប្រទេសកម្ពុជាបានចុះហត្ថលេខាបើកកិច្ចសហប្រតិបត្តិការ បន្តលើផ្នែកពាណិជ្ជកម្មជាមួយខេត្តប៊ិញភឿកប្រទេសវៀតណាម ដើម្បីបង្កើនតម្លៃទីផ្សារកសិផលក្នុងស្រុកឱ្យមានស្ថិរភាពជួយកសិករឲ្យមានជីវភាពកាន់តែរីកចម្រើន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិនៅខេត្តប៊ិញភឿកប្រទេសវៀតណាម កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២២កន្លងមកថ្មីៗនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងឱ្យខេត្តចំនួន៦នៅ ភាគឦសាននៃប្រទេសកម្ពុជា មានប្រសាស៏ថា អាជ្ញាធរខេត្តនៃប្រទេសកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀតលើការផ្លាស់ប្តូរកសិផលជាវត្ថុធាតុដើម និងទំនិញគ្រឿងឧបភោគបរិភោគ ផលិតផលកែច្នៃរួច ត្រូវនាំចូលផងដែរ ។

ឯកឧត្តមមានប្រសាសន៍ទៀតថា នេះជាដំណោះស្រាយមួយក្នុងអំឡុងពេលដែលប្រទេសទាំងពីរ កំពុងតែដៃម្ខាងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដៃម្ខាងទៀត ចាប់ដៃរួមគ្នាជួយកសិករដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពរស់នៅទៅតាមតំបន់នីមួយៗ តាមរយៈការលក់ដូរកសិផលដំណាំឧស្សាហកម្ម ដូចជា ៖ ម្រេច ស្វាយចន្ទី ពោត សណ្តែក ល្ង ដំឡូងមី និងកៅស៊ូជាដើម។ល។

ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ដែរថា យើងអនុវត្តបានយន្តការនេះ វាអាចបញ្ចៀសបាននូវការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ទៅលក់កម្លាំងពលកម្ម ហើយកសិករ ក៏មានទឹកចិត្តខិតខំប្រឹងប្រែង បង្កើនការដាំដុះដំណាំកសិកម្មបានកាន់តែច្រើនផងដែរ។

លោកជំទាវ ត្រើនទ្វេហៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពទៅលើកិច្ចសហប្រតិបត្តិការទំនាក់ទំនងវិស័យពាណិជ្ជកម្មនេះ ពីព្រោះមានផលប្រយោជន៍ទាំងអស់គ្នា។ អ្នកវិនិយោគក៏ទទួលបានធនធានវត្ថុធាតុដើមសម្រាប់ កែច្នៃនិងនាំចេញ ប្រជាពលរដ្ឋក៏ស្រួលលក់ដូរកសិផលដែលផលិតបាន ។

លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលល្អក្នុងឆ្នាំកន្លងមក នៅឆ្នាំ២០២២ ក៏ដូចជាឆ្នាំបន្តទៅមុខទៀត ខេត្តប៊ិញភឿក នឹងជំរុញទៅសភាពាណិជ្ជកម្ម និងអ្នកវិនិយោគក្នុងខេត្ត ឱ្យបង្កើនទំនាក់ទំនងជាមួយ សភាពាណិជ្ជកម្មនៃខេត្តទាំង៦រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ-កំពង់ធំ និងខេត្តមណ្ឌលគីរី ដើម្បីលើកកម្ពស់សេវាកម្មផ្នែកនាំកសិផលនិងទំនិញចេញចូលឲ្យបានកាន់តែច្រើន មានគុណភាព និងឆាប់រហ័ស ។

លោកស៊ឹម ប៊ុនរី រស់នៅឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង អ្នកនាំចេញដំឡូងមីចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែខេត្តក្រចេះកម្ពុជា និងច្រកទ្វាអន្តរជាតិវ៉ាលឺប៊ិញភឿកវៀតណាម បានគាំទ្រចំពោះអាជ្ញាធរខេត្តទាំង៦ ដែល បានគិតគូរចំពោះការផ្លាស់ប្តូរទំនិញ រវាងអ្នកវិនិយោគកម្ពុជា និងវៀតណាម ព្រោះនៅពេលមានកិច្ចសហប្រតិបត្តិការល្អ និងមានម្ចាស់សហគ្រាសធំៗមកទទួលទិញកសិផលពីកសិករច្រើន ហើយបានជួយបង្កើនតម្លៃទីផ្សារផង។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផលិតផលកសិកម្ម មានដំឡូងមីស្រស់ និងស្ងួតនិងកសិផលប្រភេទផលដំណាំឧស្សាហកម្មផ្សេងៗជាច្រើនមុខទៀត បាននាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែខេត្តក្រចេះកម្ពុជា និងច្រកទ្វាអន្តរជាតិវ៉ាលឺប៊ិញភឿកវៀតណាម ក្នុងមួយថ្ងៃចាប់១០០ទៅ៣០០រថយន្តប្រភេទធំៗ ៕

ប្រភព៖ ក្រសួងព័ត៌មាន