ថៃសំងំសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅប្រទេសចិន ដែលរំពឹងថានឹងបានដំណើរការនៅឆ្នាំ២០២៦ខាងមុខនេះ
សេដ្ឋកិច្ច January 20, 2022 Khmernote

ប្រទេសថៃរំពឹងថា ខ្សែរថភ្លើងល្បឿនលឿនទី១ ប្រវែង ៨៧៣គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសថៃទៅប្រទេសចិន នឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំ២០២៦ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃអង្គារ ទី១៨ ថ្មីៗនេះ។ ខ្សែរថភ្លើងនេះ ត្រូវបានសាងសង់ឡើងជា ២ដំណាក់ គឺដំណាក់​កាល​ទី​មួយ​តភ្ជាប់​រាជធានី​បាងកក​ទៅ​ទីក្រុង​នគររាជសីមា​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ និងដំណាក់​កាល​ទី​២ តភ្ជាប់​នគររាជសីមា​ជាមួយ​ខេត្ត​ណងខៃ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ចម្ងាយ​ប្រមាណ ៣៣០ គីឡូម៉ែត្រ​ទៅ​ខាង​ជើង។

បើតាមលោកស្រី Traisulee Traisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ដំណាក់កាលទីពីរបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការវាយតម្លៃបរិស្ថាន ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨។ គម្រោងនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដ៏ធំរបស់ប្រទេសចិន ដែលមានគោលបំណងតភ្ជាប់សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដោយច្រករបៀងដី និងផ្លូវសមុទ្រ តភ្ជាប់ទៅកាន់អាស៊ីអាគ្នេយ៍ ,កណ្តាល និងអាស៊ីខាងត្បូង ទៅនិងអាស៊ីកណ្តាល ព្រមទាំងផ្លូវសមុទ្របើកពាណិជ្ជកម្មជាមួយមជ្ឈិមបូព៌ា និង អឺរ៉ុប។

ជាមួយគ្នានេះដែរ នៅដើមខែធ្នូ ផ្លូវដែកតភ្ជាប់រវាងឡាវ និងចិនបានចាប់ផ្តើមប្រតិបត្តិការ។ លោកស្រី Traisulee បាននិយាយថា ពាណិជ្ជកម្មនៅព្រំដែនថៃ-ឡាវក្នុងខែនោះបានកើនឡើងដល់ ៦,៩ ពាន់លានបាត (២០៨,៨៤ លានដុល្លារអាមេរិក) ធៀបនឹង ៤,៦៤ ពាន់លានបាតក្នុងខែធ្នូ ឆ្នាំ ២០២០។ គួរបញ្ជាក់ថា ក្រុមហ៊ុនរដ្ឋរបស់ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥.២ ពាន់លានបាតសម្រាប់គម្រោងនេះក្នុងឆ្នាំ២០១៧ ប៉ុន្តែមានការពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការរចនា ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia