សមិទ្ធផលថ្មីលើទឹកដីខេត្តកែប! កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១លានដុល្លារត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
សេដ្ឋកិច្ច January 19, 2022 Khmernote

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយមុននេះបន្តិច។

ក្នុងពិធីសម្ពោធនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍។

សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន ៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន ១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន។ ក្នុងពេលអនាគតកំពង់ផែនេះនឹង អាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិត ក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕

អត្ថបទ៖ លីនី