អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក សន្យាជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព
ទេសចរណ៍ January 18, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) បានប្រកាសគាំទ្រការបើកទទួលទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ និងបានសន្យាជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រ៊ុយណូ បូដាដ ក្នុងនាមតំណាងសមាជិកទាំង២៦ប្រទេសនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកជាមួយភាគីក្រសួង ទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នា ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្នុងឱកាស វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

ឯកឧត្ដម ថោង ខុន បានលើកឡើងពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍ ATF 2022 នេះ ពោលគឺដើម្បីប្រកាសបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ខណៈដែលគោលដៅក្នុងតំបន់មួយចំនួន ពិសេសគឺគោលដៅកម្ពុជាមានការត្រៀមស្វា គមន៍រួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានយ៉ាងហ្មត់ចង់ រហូតដល់បានរៀបចំប្រទេសឱ្យក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលភ្ញៀវទេសចរអាចរីករាយមកទស្សនាកម្សាន្តបានយ៉ាងកក់ក្ដៅ។ ជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំដាក់ចេញនូវវិធានការណ៍សុវត្ថិភាពសុខាភិបាលយ៉ាងហ្មត់ចត់ ដើម្បីគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពទាំងនោះ។

លោក Bruno BODARD បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាដ៏ស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ។

លោកអគ្គនាយកក៏បានសន្យាថានឹងជួយ ផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទៅកាន់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោករបស់លោក ព្រមទាំងបណ្ដាញផ្សព្វផ្សាយនានារបស់ក្លឹបឆ្នេរផងដែរ។

បើតាមការបញ្ជាក់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន