ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លានដុល្លារ ដើម្បីសង្គ្រោះប្រាក់រៀល
សេដ្ឋកិច្ច January 17, 2022 Khmernote

ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ជា ចាន់តូ​ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។

ថ្លែងក្នុង​ពិធី ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។

ឯកឧត្តមក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។ ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន៕

អត្ថបទ៖ លីនី