ជ្រូកមាន់ ឡើងថ្លៃកប់ពពកពេក ប្រជាជនថៃងាកមករកសាច់ក្រពើវិញម្ដង
សេដ្ឋកិច្ច January 14, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation thailand បានឱ្យដឹងថា ប្រជាជនថៃបានងាកមករកសាច់ក្រពើវិញ បន្ទាប់ពីសាច់ជ្រូក និងសាច់មាន់ឡើងថ្លៃកប់ពពក។ សារព័ត៌មានដដែលបានឱ្យដឹងថា សាច់ក្រពើកំពុងត្រូវប៉ាន់នៅក្នុងប្រទេសថៃ ដោយកសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត Nakhon Pathom កំពុង​លក់សាច់របស់សត្វនេះលើ Facebook ក្នុង​តម្លៃ ៧០បាត (ជាង ២ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម។

បើយោងតាមម្ចាស់កសិដ្ឋាន Hia Sak នៅស្រុក Kamphaeng Saen នៃខេត្ត Nakhon Pathom តម្លៃ ៧០បាត ក្នុងមួយគីឡូ ត្រូវបានគិតជូនលុះត្រាតែអតិថិជនបញ្ជាទិញយ៉ាងតិច ៣០គីឡូ ហើយចំពោះការទិញក្នុងចំនួនតិចៗ តម្លៃត្រូវបានគិតជូន ១០៥បាត (ប្រមាណជាង ៣ដុល្លារ) ក្នុងមួយគីឡូក្រាម។ ទោះបីជាយ៉ាងណាក្ដី តម្លៃរបស់សាច់ក្រពើនេះ នៅតែធូរថ្លៃជាងតម្លៃសាច់ជ្រូកដែល​បាន​ឡើង​ថ្លៃ​ដល់​ប្រហែល ២៣០បាត​ (ប្រមាណ ៧ដុល្លារ) ក្នុង​មួយ​គីឡូក្រាម ខណៈ​ផលិតកម្ម​ជ្រូក​ធ្លាក់ចុះ​។

ជាមួយគ្នានេះ ម្ចាស់កសិដ្ឋានបានបន្តថា កសិដ្ឋានបានចាប់ផ្តើមលក់ទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីការរឹតបន្តឹងជំងឺកូវីដ-១៩ បានរារាំងការនាំចេញសាច់ក្រពើរបស់ថៃទៅកាន់ប្រទេសចិនដីគោក តៃវ៉ាន់ និងហុងកុង។ ទន្ទឹមនឹងនោះ អតិថិជន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន និយាយថា ពួកគេ​ងាក​មក​ប្រើ​សាច់​ក្រពើ​វិញ​ដោយសារមានតម្លៃ​សមរម្យ និង​រសជាតិឆ្ងាញ់ដូចសាច់មាន់ដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand