យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាស ស្ដីពីការលើកលែងពន្ធតម្លៃបន្ថែមទំនិញអាហារ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ សម្រាប់រយៈពេល ២ឆ្នាំ។ ការប្រកាសនេះ មានបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានដើម្បីជួយសម្រួលរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សម្រាប់គោលដៅនៃការប្រកាសនេះ “អាហារជាមូលដ្ឋាន” សំដៅដល់បណ្ដាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈសាច់ស្រស់ ឬ កែច្នៃតាមវិធីប្រលាក់ ឬ ឆ្អើរ, ស៊ុតចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ កែច្នៃជាផ្អាប់ ឬ ឆ្អើរ, ត្រីទឹកប្រៃ និងទឹកសាបគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈសាច់ស្រស់ ឬ កែច្នៃតាមវិធីប្រលាក់ ឬ ឆ្អើរ, ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ , អំបិលគ្រប់ប្រភេទ, ទឹកត្រី និងទឹកស៊ីអ៉ីវគ្រប់ប្រភេទ។
គួរឱ្យដឹងថា ការកំណត់អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនេះ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ការគោលដៅនៃប្រការនេះ ការចាត់ទុកចាបន្ទុករបស់រដ្ឋនូវលើអាករតម្លៃបន្ថែមនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕



ប្រភព៖ ក្រសួងព័ត៌មាន


