រដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយពីមូលហេតុដែល ជី និងថ្នាំកសិកម្មឡើងថ្លៃ
សេដ្ឋកិច្ច January 12, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបាន​ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយពីមូលហេតុ ដែលជី ឡើងថ្លៃ ដោយសារការប្រើប្រាស់មានការកើនឡើង និងថ្នាំកសិកម្មថ្លៃ ដោយសារនៅរោងចក្រផលិតកាត់បន្ថយកម្លាំងពលកម្ម។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះ ខណៈដែលប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែចម្ការ នាំគ្នាត្អូញត្អែរពីតម្លៃជីកសិកម្ម និងថ្នាំកសិក ម្ម ឡើងថ្លៃជាងពេលកន្លងមក។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយតាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា ហេតុអ្វី បានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន ថា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ដែលជាប្រទេសផលិតជីកសិកម្មត្រូវ បានកាត់បន្ថយ ដោយកម្លាំងពលកម្មថយចុះដោយបញ្ហា នៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។

ឯកឧត្តមបន្តថា ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ដោយមានបញ្ហា រីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗ ក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។ ជាងនេះការចំណាយលើការ រៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវការសម្បកវេចខ្ចប់បោះពុម្ព ជាភាសាខ្មែរ។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំមិនបានទៅទិញដល់ រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាង តម្លៃនៅរោងចក្រផលិត។ ជាមួយគ្នានេះ តម្រូវការជីកសិកម្មក្នុងស្រុក ក៏មានការកើនឡើង ច្រើនដែរ។

ប្រជាពលរដ្ឋដែលប្រកបមុខរបធ្វើស្រែចម្ការបានត្អូញត្អែរថា ការស្រែចម្ការមិនសូវ សង្ឃឹមចំណេញនោះទេ ដោយសារតម្លៃសាំង ជីកសិកម្ម ថ្នាំកសិកម្មបានឡើងជាង បណ្តាឆ្នាំកន្លងមក។ ប្រជាពលរដ្ឋបានលើកឡើងថា ជី និងថ្នាំ បានឡើងថ្លៃស្ទើរគុណ នឹង២ ក្នុងតម្លៃជីមួយបាវ ដែលជីមួយបាវជិត ២០ម៉ឺនរៀល ខណៈឆ្នាំកន្លងមក មិនដល់១០ម៉ឺន រៀលផង។

យ៉ាងណាក្តីប្រជាពលរដ្ឋបាននាំគ្នាអំពាវនាវ និងសំណូមពរឱ្យ រាជរដ្ឋាភិបាល ជួយធ្វើយ៉ាងណាឱ្យតម្លៃកសិផលដែលពួកគាត់ទទួលបានតម្លៃសមរម្យ ជាមួយតម្លៃជី ថ្នាំ និងសាំង ដើម្បីកុំឱ្យពួកគាត់ជំពាក់លុយធនាគារ ពីព្រោះលុយដែលគាត់យកមកទិញជី ថ្នាំ និងសាំង ភាគច្រើនគឺខ្ចីពីធនាគារ៕

ប្រភព៖ ក្រសួងព័ត៌មាន