ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit កាលពីថ្ងៃច័ន្ទ បានព្រមានអ្នកលក់កុំឱ្យឡើងថ្លៃស៊ុត ចំពេលមានការខ្វះខាត។ លោក Jurin បាននិយាយថា ក្រសួងមិនទាន់បានអនុម័តការដំឡើងថ្លៃទេ ហើយនឹងចាត់វិធានការផ្លូវច្បាប់ចំពោះនរណាម្នាក់ដែលឡើងថ្លៃពងមាន់ ឬសាច់មាន់ ដើម្បីកេងប្រវ័ញ្ចអ្នកប្រើប្រាស់។
លោក Jurin បានប្រតិកម្មនឹងរបាយការណ៍ដែលថា តម្លៃពងមាន់នឹងហក់ឡើង ព្រោះកសិករមិនអាចទ្រាំទ្រនឹងតម្លៃចំណីមាន់ដែលឡើងថ្លៃបានទៀតទេ។ ប៉ុន្តែលោកបាននិយាយថា កសិករដែលត្រូវការដំឡើងថ្លៃដោយសារការកើនឡើងថ្លៃដើម អាចដាក់ទៅក្រសួងដែលនឹងផ្តល់ការយល់ព្រមតាមករណីនីមួយៗ។
ការព្រួយបារម្ភពីតម្លៃមាន់ និងស៊ុត កើតឡើងបន្ទាប់ពីតម្លៃសាច់ជ្រូកឡើងថ្លៃដល់ប្រហែល ២០០បាត (ប្រមាណ ៦ដុល្លារ) ក្នុងមួយគីឡូក្រាម។ ក្រសួងពាណិជ្ជកម្មបានធ្វើអន្តរាគមន៍ដោយការលក់សាច់ជ្រូកក្នុងតម្លៃ១៥០ បាត (ប្រមាណជាង ៤ដុល្លារ) ក្នុងមួយគីឡូក្រាមនៅក្នុងហាង “blue-flag” ជាង៦០០ទីតាំង នៅទូទាំងប្រទេស។ជាមួយគ្នានេះដែរ ក្រសួងក៏កំពុងស្វែងរកថវិកាបន្ថែមទៀតដើម្បីឧបត្ថម្ភធនដល់កសិករចិញ្ចឹមជ្រូកតូចតាច ដើម្បីការពារការខ្វះខាតសាច់ជ្រូក៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


