ប្រជាជនថៃកំពុងត្រូវបានជំរុញឱ្យប្ដូរទៅបរិភោគសាច់មាន់ ក្នុងគោលបំណងដោះស្រាយការខ្វះខាតសាច់ជ្រូក ការកើនឡើងតម្លៃ និងដើម្បីជួយកសិករចិញ្ចឹមផ្នែកបសុបក្សីទូទាំងប្រទេស។ លោក Somboon Watcharapongpun ប្រធានសមាគមមាន់ស្រែថៃបាននិយាយថា ការកាត់បន្ថយតម្រូវការ គឺជាមធ្យោបាយមួយទៀតក្នុងការដោះស្រាយវិបត្តិតម្លៃកើនឡើង។
លោកបានបន្តថា៖ “មាន់មានជីវជាតិដូចសាច់ជ្រូក ងាយស្រួលញ៉ាំ ហើយអាចរកទិញបានគ្រប់ទីកន្លែង ហើយការជំរុញតម្រូវការក៏នឹងជួយដល់កសិករចិញ្ចឹមមាន់ជាង ១០,០០០ នាក់នៅទូទាំងប្រទេសផងដែរ”។ លោក Somboon បន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធនាំចូលលើចំណីសត្វ ក៏ជាមធ្យោបាយ និងសម្រួលដល់ប្រជាពលរដ្ឋផងដែរ ពីព្រោះកសិករត្រូវចំណាយប្រាក់ខ្ពស់ក្នុងរយៈពេលយូរ។
ទោះយ៉ាងណាលោកថា តម្លៃចំណីសត្វដែលផលិតក្នុងស្រុកក៏ឡើងថ្លៃដែរ ព្រោះរដ្ឋាភិបាលបាននិងកំពុងរក្សាតម្លៃកសិផលឡើងថ្លៃ។ គួរបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់សាច់ជ្រូកថៃបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានបញ្ជាឱ្យមន្ត្រីបសុសត្វពន្លឿនការត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


