កសិករវៀតណាមយំលែងចេញ ខណៈផ្លែស្រកានាគ ៣០ម៉ឺនតោន នឹងទុំជ្រុះចោលព្រោះគ្មានអ្នកទិញ
សេដ្ឋកិច្ច January 8, 2022 Khmernote

យោងតាមអ្នកនៅ​ក្នុង​ឧស្សាហកម្ម​ដាំផ្លែស្រកានាគបាននិយាយថា ផ្លែ​ស្រកានាគ​ប្រហែល ៣០០,០០០ តោន​នឹង​ទុំ​សម្រាប់​ការ​ប្រមូល​ផល​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​គ្មាន​អ្នក​ទិញ​ទេ ខណៈ​ដែល​ប្រទេស​ចិន​រារាំង​ពាណិជ្ជកម្ម​តាម​ព្រំដែន។ លោក Phan Van Tan អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ Binh Thuan បាននិយាយប្រាប់វេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ ថា ការចាល់នេះ គឺដោយសារខេត្តភាគខាងជើង Quang Ninh និង Lang Son មានទាំងការរឹតបន្តឹងពាណិជ្ជកម្មនៅព្រំដែនជាមួយប្រទេសចិន ដោយសារកុងតឺន័រកើនឡើង ហើយអ្នកទិញចិនជាច្រើនបានឈប់ទិញផ្លែស្រកានាគរបស់វៀតណាម។

ជាមួយគ្នានោះដែរ តម្លៃផ្លែស្រកានាគបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលប្រទេសចិនបានរឹតបន្តឹងវិធានការកូវីដ-1១៩ របស់ខ្លួន ដែលបណ្តាលឱ្យរថយន្តកុងតឺន័ររាប់ពាន់គ្រឿងជាប់គាំងនៅព្រំដែន។ អ្នកនាំចេញមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមដឹកជញ្ជូនទំនិញតាមសមុទ្រ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពទេ ដោយសារតម្លៃដឹកជញ្ជូនបានកើនឡើងបីដងពីពេលមុន។

គួរបញ្ជាក់ផងដែរថា វៀតណាម​ផលិត​ផ្លែ​ស្រកានាគ​ប្រមាណ ១,៤ លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ ៨០% ​មក​ពី​ខេត្ត​ចំនួន ៣ គឺ Binh Thuan, Long An និង Tien Giang។ ទន្ទឹមនឹងនោះ ប្រទេសចិន គឺជាអ្នកទិញផលិតផលកសិកម្ម និងផ្លែស្រកានាគដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនលើសពីទីផ្សារចំនួន ៥០ផ្សេងទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress