កាន់តែក្ដៅ! ខេត្តភាគខាងជើងរបស់វៀតណាម ស្នើឱ្យក្រុមហ៊ុននាំចេញបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនប្រទេសចិន
សេដ្ឋកិច្ច January 6, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អាជ្ញាធរ Lang Son បានស្នើឱ្យក្រុមហ៊ុននាំចេញទូទាំងប្រទេសបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម -ចិន នៅដើមខែកុម្ភៈ។

សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង និងខេត្តកាលពីថ្ងៃទី០៤ ខែធ្នូ ខណៈដែលរថយន្តកុងតឺន័រចំនួន ២,៤៦០ គ្រឿងដែលមាន ៦០% ដឹកផ្លែឈើស្រស់ នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងស្រុក Lang Son នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ ជាមួយ គ្នានេះ​ ច្រកព្រំដែនមួយចំនួនរួមទាំង Tan Thanh និង Coc Nam នៅតែផ្តល់ការបោសសំអាតគយបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យកុងតឺន័រតែពីរបីកុងតឺន័រប៉ុណ្ណោះឆ្លងកាត់ទៅកាន់ប្រទេសចិនក្នុងមួយថ្ងៃៗ។

គួររម្លឹកថា ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេ ដែលនាំឱ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាមនៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។

ជាមួយគ្នានេះដែរ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម។ ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ១៩.២ ភាគរយនៃការនាំចេញកសិផលសរុបរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress