យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋបាលជលផល ជំរុញឱ្យប្រជាពលរដ្ឋបង្កើនការកែច្នៃ ផលិតផលជលផល ឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ខណ:ដែលផលិតផលកែច្នៃលក់បានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា ការកែច្នៃផលិតផលជលផលទាំងវារីវប្បកម្មនិងនេសាទគឺជាកត្តាចាំបាច់ក្នុងការជំរុញសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះផលិតផលដែលកែច្នៃរួចមានតម្លៃថ្លៃមានទីផ្សារច្រើនទាំងនៅក្នុងស្រុកនិងការនាំចេញ។
ឯកឧត្តមបានបន្តថា ក្រោយពីនេសាទបានឬក៏ចិញ្ចឹមបាន បើប្រជាពលរដ្ឋលក់ភ្លាមៗមិនសូវបានថ្លៃ តែបើពួកគាត់ចេះកែច្នៃផលនេសាទទាំងនោះមកជា ត្រីងៀត ត្រីសំយ៉ុង ត្រីឆ្អើរ ផ្អក ប្រហុក បង្គាក្រៀម យីហ៊ឺ ផ្សេងៗ មានតម្លៃខ្ពស់ រក្សាទុកបានយូរ ពិសេសមានការប្រកួតប្រជែងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។
សំឡេង៖ «ពាក់ព័ន្ធនឹងការកែច្នៃផលនេសាទនោះគឺក្រោយពេលយើងនេសាទបានឬក៏ចិញ្ចឹមបានហើយយើងត្រូវការកែច្នៃហើយកែច្នៃនេះគឺសំខាន់បំផុតដើម្បីឱ្យបានគុណភាពល្អនិងសុវត្ថិភាពផងដែរហើយការកែច្នៃក៏យើងត្រូវការប្រកួតប្រជែងនៅទីផ្សារផងដែរដូចថា ផលនេសាទដែលបានមកបើយើងយកមកលក់ផ្ទាល់ៗតែម្ដងតម្លៃដើមដែលលក់នឹងវាបានថោក ប្រសិនបើទៅយើងកែច្នៃទៅវាបានថ្លៃ»។
ឯកឧត្តមបានបញ្ជាក់ថា ការកែច្នៃផលនេសាទ ក៏មានការប្រកួតប្រជែងទៅកាន់ប្រទេសជិតខាង ប្រសិនបើប្រជាពលរដ្ឋកែច្នៃបានល្អ គុណភាពខ្ពស់ស្របតាមទីផ្សារ តម្លៃនោះរឹតតែថ្លៃនៅពេលលក់ចេញទៅកាន់ទីផ្សារក្រៅប្រទេស។ សូមបញ្ជាក់ថា ផលិតផលជលផលកាលពីឆ្នាំ២០២១រួមមាន: ផលិតផលទឹកសាបថយចុះ ៧.៣០%នាំឱ្យបរិមាណប្រចាំឆ្នាំ ២០២១សរុប៣៨៣,០៥២តោន។ ផលិតផលសមុទ្រកើនឡើង ១.៨៧% នាំឱ្យបរិមាណប្រចាំឆ្នាំ២០២១ សរុប ១២៥,០០០តោន។ ផលិតផលវារីវប្បកម្មថយចុះ ១៣% នាំឱ្យបរិមាណប្រចាំឆ្នាំ២០២១សរុប៣៤៨,៣៤៨តោន៕





ប្រភព៖ ក្រសួងព័ត៌មាន


