នាពេលខាងមុខ ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ហើយមិនចាញ់ខេត្តព្រះសីហនុ
សេដ្ឋកិច្ច January 5, 2022 Khmernote

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា៖ ” នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ”។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា៖ ” ការសាងសង់ផ្លូវជាតិលេខ៤៨ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់ ហើយផ្លូវជាតិលេខ៤៨ នេះ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលផងដែរ”៕

អត្ថបទ៖ លីនី