ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីជម្រាបដល់ក្រុមហ៊ុន ពាណិជ្ជករ សមាគមន៍ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យរកមធ្យោបាយ និងវិធីនាំចេញផ្សេងពីការនាំចេញ ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន។
ក្រសួងបានស្នើរបែបនេះ ដោយសារតែ បច្ចុប្បន្ន ការប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើមដាក់ចេញវិធានការរឹតបន្តឹងការធញវើដំណើរចេញ-ចូល និងឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសារធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា សកម្មភាពនាចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកព្រំដែន Lang son និង Quang Ninh ដែលបានបណ្ដាលជាចម្បងមកពីការរឹតបន្តឹងវិធានការវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រទេសចិន ក្រោមគោលនយោបាយ “Zero Covid”។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូណអំពីវឌ្ឍនភាពជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ លីនី


