រដ្ឋមន្រ្ដីកសិកម្ម៖ កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតពិសេសទីផ្សារចិន
សេដ្ឋកិច្ច January 3, 2022 Khmernote

ក្នុងឱកាសអញ្ជើញចុះពិនិត្យសួនឧស្សាហកម្មកសិកម្ម ហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញក្ដីសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការ កសាងមជ្ឈមណ្ឌលនេះឡើងដើម្បីបម្រើឱ្យវិស័យកសិឧស្សាហកម្ម ជារួម និងដោយឡែក ផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមាន ក្នុងដៃជាអាទិ៍៖ ស្វាយ កែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេក អំបូងលឿង និងក្រូច ថ្លុង។ល។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ប្រាកដ ជានឹងចូលរួមចំណែកផ្តល់ឱកាសឱ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិន ដោយ ត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើន ប្រាក់ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿន សេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់កិច្ចសហការ ពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា និងមៀនប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឱ្យផលិតផលស្វាយ នាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក ដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន។

ទន្ទឹមនេះ មជ្ឈមណ្ឌលដែលបាននិងកំពុងដំណើរការសាងសង់នេះ គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ លើសពីនេះទៀត សមិទ្ធផលដែលក្រុមហ៊ុន ហ៊ុន ទី សម្រេចបាន គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់ បែបយ៉ាងពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសភាគីចិន។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវ ឱ្យកសិផលហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចម្ការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ ឯកឧត្ដមបានបន្ដទៀតថា វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ និងប្រាក់ចំណូល។ល។

លោកស្រី សូហ្វី អ្នកគ្រប់គ្រងទីផ្សារប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជាបានបង្ហាញអំពីដំណើរការសាងសង់មជ្ឈមណ្ឌល មុខងាររបស់អគារនីមួយៗ សមិទ្ធផលសម្រេចបានថ្មីៗនេះ និងទិសដៅនាពេលអនាគត។ លោកស្រីបន្ដថា មជ្ឈមណ្ឌលនេះ បានកសាងលើផ្ទៃដី ៨០ហិកតា ដោយធ្វើការបែងចែក ជាអគាររដ្ឋបាល ផ្ទះកម្មករ ទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិពណ៌កសិផល កន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ (ម៉ាស៊ីនប្រព្រឹត្តិ កម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ) សម្រាប់ផ្លែឈើដូចជា ស្វាយ មៀនប៉ៃលិន និងដូង។ល។

លោកស្រីបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបាន ៨០ភាគរយ នូវអគារមួយខ្នងទំហំ ១៥ ០០០ ម៉ែត្រការ៉េ និងជាបណ្តើរៗកំពុងដំណើរការសាងសង់អគារ ២ បន្ថែមទៀតដើម្បីដាក់ឱ្យបម្រើការស្តុកផ្លែឈើ លាងសម្អាត (ធ្វើអនាម័យ) វេចខ្ចប់ និងដឹកជញ្ជូនទៅកាន់ផែក្រុងព្រះសីហនុ។ ទន្ទឹមនេះ លោកស្រីបានអះអាងថានៅពេលចាប់ផ្តើមដំណើរការ មជ្ឈមណ្ឌលត្រូវការកម្មករ ៣០០នាក់ ហើយនៅពេលដំណើរពេញសមត្ថភាពមជ្ឈមណ្ឌលត្រូវការ ៣ ០០០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអំពាវនាវឱ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឱ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុន ម្ចាស់ចម្ការត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តន៍វិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឱ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕

ប្រភព៖ ក្រសួងព័ត៌មាន